Event

លើកកម្ពស់សោភ័ណ្ឌភាពស្ថាប័នជាតិ ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភបង់អង្គុយ​ ចំនួន ១៥០បង់ និងភេសជ្ជៈ ៧៥០កេស ដល់បណ្ឌិត្យសភានគរបាលកម្ពុជា

ភ្នំពេញ៖ ឈរលើគោលការណ៍ជួយត្រលប់ទៅសង្គម ដែលជាគុណតម្លៃស្នូល មិនអាចខ្វះបានរបស់ថ្នាក់ដឹកនាំកំពូល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកឧកញ៉ា លាង ម៉េង បានឧបត្ថម្ភបង់អង្គុយចំនួន ១៥០បង់ និងភេសជ្ជៈ សរុបចំនួន ៧៥០ កេស ដល់ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា​ ដែលមានទីតាំងស្ថិត នៅឃុំ ដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល សម្រាប់ប្រើប្រាស់ ជាឧត្តមប្រយោជន៍រួម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ ។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសង្កត់ធ្ងន់ថា៖ «ខ្ញុំមើលឃើញយ៉ាងច្បាស់ពីការប្រឹងប្រែង និងលះបង់របស់ថ្នាក់ដឹកនាំ បណ្ឌិត្យ សភានគរបាលកម្ពុជា ជាច្រើនអាណត្តិមកនេះ។ ជាពិសេសប្អូនៗនិស្សិត សិក្ខាកាម ដែលកំពុងក្រេបយកចំណេះ ជំនាញ ពីលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យជំនាញៗ នៅនៅទីនេះ គឺពិតជាការលះបង់ ដើម្បីឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិយើងយ៉ាងពិតប្រាកដ។ ក្នុងនាមសហគ្រិនខ្មែរ ដែលតែងតែប្ដេជ្ញាកសាងម៉ាកយីហោ ផលិតផលខ្មែរ “MADE IN CAMBODIA” គុណភាពកម្រិតអន្តរជាតិ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឱ្យលេចមុខមាត់ដូចបណ្ដាប្រទេសផ្សេងៗ លើឆាកអន្តរជាតិ ពិតជាចង់ចូលរួមលើកកម្ពស់ សោភណ្ឌភាពនៅ បណ្ឌិត្យសភានគរបាលកម្ពុជា យើងនេះឱ្យកាន់តែស្រស់ស្អាត ដើម្បីបម្រើប្រយោជន៍សាធារណៈនៅទីនេះផ្ទាល់តែម្ដង។»

គោលតម្លៃចម្បងមួយ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺការបរិច្ចាគទៅសង្គមវិញតាមរយៈរូបភាពជាច្រើនដូចជា៖ ការរៀបចំកម្មវិធីសប្បុរសធ៌ម និងមនុស្សធម៌, ការឧបត្ថម្ភជាទឹកប្រាក់ ឬផលិតផល ខ្មែរ ប៊ែវើរីជីស ជូនស្ថាប័នផ្សេងៗ ប្រយោជន៍ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយការបំពេញកាត្វកិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមជម្រាបថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីពេលថ្មីៗនេះ បាននឹងកំពុងឧបត្ថម្ភបង់អង្គុយ ដោយឥតគិតថ្លៃសរុប ចំនួន ១០,០០០បង់ ដែលគិតជាទឹកប្រាក់ ប្រមាណជាង ២លានដុល្លារ ជូនស្ថាប័ននានា ដើម្បីជាប្រយោជន៍រួម ដូចជា៖ សាលារៀន មន្ទីរពេទ្យ ស្ថាប័ន និង ទីតាំង សាធារណៈផ្សេងៗទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងរួមចំណែក លើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់ សោភណភាពនៅទីប្រជុំជន និងផ្តល់ភាពងាយស្រួល ក្នុងការស្វែងរកកន្លែងអង្គុយ ជូនដល់ប្រជាពលរដ្ឋ៕

Most Popular

To Top