ភ្នំពេញ៖ ជប៉ុន គឺជាប្រទេសគម្រូមួយនៅលើពិភពលោក ទៅលើការគ្រប់គ្រងប្រព័ន្ធបរិស្ថាន ហើយថ្មីៗនេះ មជ្ឍមណ្ឌលសហប្រតិបត្តការបរិស្ថាន OECC របស់ជប៉ុន បានសហការជាមួយក្រសួងបរិស្ថានកម្ពុជា ដើម្បីអនុវត្តលើគម្រោងសាកល្បង ស្ដីពីការលើកកម្ពស់តម្លាភាព ក្នុងវិស័យសំណល់រាវឧស្សាហកម្ម។
ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលត្រូវបានជ្រើសរើស ក្នុងការសាកល្បងលើគម្រោងនេះ ព្រោះតែ OECC ជឿជាក់ថា ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនផលិតភេសជ្ជៈនៅកម្ពុជា ដែលតែងតែយកចិត្តទុកដាក់អនុវត្ត និងគោរពទៅតាមគោលការបរិស្ថាន របស់ក្រសួងបរិស្ថានយ៉ាង ជាក់លាក់បំផុត និងស្របតាមស្តង់ដារអន្តរជាតិ។
ក្នុងគម្រោងសាកល្បងនេះដែរ ខ្មែរ ប៊ែវើរីជីស បានសហការជាមួយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយយុទ្ធសាស្រ្ត និងអ្នកបច្ចេកទេសរបស់ OECC ដើម្បីពិភាក្សា និងរៀបចំនូវប្រព័ន្ធគណនា ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយស្វ័យប្រវត្តិ និងផ្ដល់ព័ត៌មាន និងទិន្នន័យ CoD និង BoD ។ ខ្មែរ ប៊ែវើរីជីស ក៏បានអនុញ្ញាត ឱ្យបុគ្គលិកជំនាញរបស់ខ្លួន ចូលរួមសិក្ខាសាលាក្នុងការអនុវត្តគម្រោងសាកល្បង ស្ដីពីការលើកកម្ពស់តម្លាភាព ក្នុងវិស័យសំណល់រាវឧស្សហកម្ម ដើម្បីពង្រឹងសមត្ថភាពបុគ្គលិក អំពីការរៀបចំរបាយការណ៍បញ្ចេញឧស្ម័នផ្ទះកញ្ចក់ ចេញពីអាងប្រព្រឹត្តកម្មទឹកកខ្វក់។
លើសពីនេះ ក្រុមហ៊ុនក៏បានអនុញ្ញាត ឱ្យនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងក្រុមការងារ OECC ធ្វើទស្សនកិច្ចដោយផ្ទាល់ដល់រោងចក្រ ស្តង់ដារពិភពលោករបស់ ខ្មែរ ប៊ែវើរីជីស ដើម្បីស្វែងយល់បន្ថែម អំពីការគ្រប់គ្រងប្រព័ន្ធតាមដាន និងការត្រួតពិនិត្យសំណល់ទឹកកខ្វក់ចេញពីអាងប្រពឹត្តិកម្មរបស់ ខ្មែរ ប៊ែវើរីជីស និងពិភាក្សាអំពីការអនុវត្តផែនការសកម្មភាព និងចាត់បុគ្គលិកជំនាញតំណាងក្រុមហ៊ុន ជាជនបង្គោលសម្រាប់សម្របសម្រួល ក្នុងការអនុវត្តគម្រោងសាកល្បងនេះ៕