កម្មវិធីការប្រកួតវាយសីមិត្តភាព កម្ពុជា-ចិន មិនមែនអាជីព ក្រោមប្រធានបទ «People to People Exchange Amateur Badminton Champion 2024» រៀបចំឡើងដោយសារព័ត៌មានត្នោត និងសហពន្ធ័កីឡាវាយសីកម្ពុជា បានស្វែងរកឃើញជើងឯកជាម្ចាស់ជ័យលាភីហើយ ក្រោយការប្រកួតបែបមិត្តភាពដោយស្វិតស្វាញ និងបញ្ចប់ទៅដោយរលូន កាលពីល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះដែរ លោកស្រី ហាន លី អ្នកគ្រប់គ្រងទូទៅនៃសារព័ត៌មានត្នោត បានលើកឡើងថា ចាប់ពីថ្ងៃចាប់ផ្ដើមនៃការប្រកួតរហូតមកដល់វគ្គផ្តាច់ព្រ័ត្រ បេក្ខជនគ្រប់រូបបានបង្ហាញពីភាពទាក់ទាញ និងស្មារតីកីឡាវាយសី ជាមួយនឹងជំនាញដ៏អស្ចារ្យ ខណៈដែលព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ថែមទាំងជាតំណភ្ជាប់ដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជានិងចិនផងដែរ។

លោកស្រីសង្ឃឹមថាតាមរយៈការប្រកួតកីឡាវាយសីនេះនឹងអាចរឹតចំណងមិត្តភាពរវាងប្រជាជនកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ ហើយជំរុញការផ្លាស់ប្តូរ និងសមាហរណកម្មវប្បធម៌។ ហើយវានឹងក្លាយជាចំណុចចាប់ផ្តើមថ្មីសម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ និងចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការ និងមិត្តភាពនាពេលអនាគត។

ជ័យលាភីទាំង៦វិញ្ញាសាររួមមាន ចំពោះជ័យលាភីវិញ្ញាសាឯកត្តជននារី មេដាយមាសបានទៅលើបេក្ខនារី លី មុន្នីរចនា, មេដាយប្រាក់ បានទៅលើបេក្ខនារី Ji Yong និងមេដាយសំរិទ្ធ បានទៅលើបេក្ខនារី លីម ខន្តី។

ចំពោះ ជ័យលាភីវិញ្ញាសាវាយគូនារី មេដាយមាសបានទៅលើបេក្ខនារី លីម សុខងីម និងបេក្ខនារី គីម ចន្ថា, មេដាយប្រាក់ បានទៅលើបេក្ខនារី វ៉ាន់ សុខុមវត្តី និងបេក្ខនារី ផាត ស្រីមុំ, មេដាយសំរិទ្ធ បានទៅលើបេក្ខនារី Feng Jie និងបេក្ខនារី Wang Dan។

ចំពោះជ័យលាភីវិញ្ញាសាឯកត្តជនបុរស មេដាយមាសបានទៅលើបេក្ខជន Chiang Jiann Wei , មេដាយប្រាក់ បានទៅលើបេក្ខជន Lin He Tong និង មេដាយសំរិទ្ធ បានទៅលើបេក្ខជន ថៃ លាង។

ជ័យលាភីវិញ្ញាសាវាយគូបុរស មេដាយមាស បានទៅលើ បេក្ខជន បញ្ញា និងបេក្ខជន ដារ៉ា, មេដាយប្រាក់ បានទៅលើ បេក្ខជន Chen Jian និង បេក្ខជន Zhang Wei Xian, មេដាយសំរិទ្ធ បានទៅលើ បេក្ខជនឈ្មោះ James CHIFONG និងបេក្ខជន Wu Long ។

ជ័យលាភីវិញ្ញាសាវាយគូចម្រុះ មេដាយមាសបានទៅលើ បេក្ខជន Christin និងបេក្ខជន JIt Hui Lim មេដាយប្រាក់បានទៅលើបេក្ខជន Soli និងបេក្ខជន Yan Na, មេដាយសំរិទ្ធ បានទៅលើបេក្ខជន Sophea និងបេក្ខជន Serey Sophea។

ជ័យលាភីវិញ្ញាសាវាយគូកិត្តិយស មេដាយមាសបានទៅលើ បេក្ខជន ជាម សុភា និងបេក្ខនារី អ៊ឹង វល័ក្ខទេវី, មេដាយប្រាក់បានទៅលើបេក្ខជន ម៉ក់ សារឿន និងបេក្ខជន សុខ ចាន់បញ្ញា, មេដាយសំរិទ្ធបានទៅលើបេក្ខជន ឡាយ សុបញ្ញា និងបេក្ខជន នួន សុភ័ក្ត្រ។

ទន្ទឹមនោះ កម្មវិធីក៏មានកាដូអនុស្សាវរីយ៍ជូនដល់ក្រុមកីឡាករ-កីឡាការិនី ដែល បានប្រកួត FAIR PLAY ក្នុងវិញ្ញាសារឯកត្តជនបុរស, វិញ្ញាសារគូវាយបុរស និង វិញ្ញាសារគូចម្រុះ ផងដែរ។
គួរឱ្យដឹងដែរថា កម្មវិធីប្រកួតកីឡាវាយសីមិត្តភាពកម្ពុជា-ចិន មិនមែនសម្រាប់កីឡាករអាជីពនេះមានការសហការដោយសហព័ន្ធកីឡាវាយសីកម្ពុជា និងគាំទ្រយ៉ាងពេញទំហឹងដោយក្រសួងសំខាន់ៗចំនួន៣ គឺក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ព្រមទាំងម្ចាស់ឧបត្ថម្ភកម្មវិធីធំៗជាច្រើនទៀតដែលបានរួមចំណែកធ្វើឲ្យកម្មវិធីនេះនឹងប្រព្រឹត្តទៅប្រកបដោយភាពរលូននិងផ្លែផ្កាផងដែរ ក្នុងនោះមានដូចជា៖ ក្រុមហ៊ុនដឹកជញ្ជូន E-GetS, JMC JiangLing Motors(Cambodia), Zhongtong(ZTO), Midea, HONOR, VICTOR, ក្រុមហ៊ុន វ័នរ៉ូត គ្រុប (ONE ROAD Group), ភី2អេហ្វ (ភ្នំពេញ ហ្វ្រេស & ហ្វាស ឌីលីវើរី), សមាគមសភាពាណិជ្ជកម្មយុវជនកម្ពុជាចិន, ទឹករ៉ែធម្មជាតិអូគូលែន, មន្ទីរពហុព្យាបាល ស៊ីន ហុងអិន។ ជាពិសេសកម្មវិធីនេះក៏មានដៃគូផ្នែកប្រព័ន្ធផ្សព្វផ្សាយជាច្រើនរួមមាន៖ 58Cam、EAC News、Dap News、Troryorng、PhnomPenhPost English、PhnomPenhPost Khmer 、SR Digital Media、Khmernote ជាដើម៕
