Event

កម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ “សហគ្រិនភាពក្នុងវិស័យកសិកម្ម”

១.សេចក្តីសង្ខេបអំពីគម្រោង
“កសិសហគ្រិនភាព” គឺជាគម្រោងបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ភាពជាសហគ្រិនក្នុងវិស័យកសិកម្ម គាំទ្រកសិករ អ្នកជំនួញ និងសិស្សនុស្សិតក្នុងការបង្កើតគំនិតថ្មី ក្នុងវិស័យកសិកម្មតាមរយៈ ការបង្កើតជាវេទិកាចែករំលែក និងការចុះទៅទស្សនកិច្ចនៅទីតាំងកសិកម្ម របស់ម្ចាស់សហគ្រិនកសិកម្មផ្ទាល់ ដើម្បីទទួលបានចំណេះដឹងបន្ថែម និងឃើញពីទិដ្ឋភាពជាក់ស្តែងនៃការធ្វើកសិកម្មផ្សំ ជាមួយនឹងសហគ្រិនភាពឲ្យទទួលបានផលល្អប្រសើរ។

ដើម្បីសម្រេចគោលដៅនៃគម្រោង ក្រុមការងារបានរៀបចំ វេទិកាចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ “សហគ្រិនភាពក្នុងវិស័យកសិកម្ម” ដែលជាផ្នែកមួយនៃគម្រោង “កសិសហគ្រិនភាព”ដោយបង្កើតកម្មវិធីជា ០២ វគ្គ រួមមាន៖

+វគ្គទី 0១៖ សិក្ខាសាលា និងវេទិកាចែករំលែកបទសោធន៍ និងឱកាសនានានៅក្នុងវិស័យកសិកម្ម ដោយតំណាងរាជរដ្ឋាភិបាល ម្ចាស់សហគ្រិន និងអ្នកជំនាញវិស្វកម្មគីមីចំណីអាហារ
-កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤
-ទីតាំង៖ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី៩

+វគ្គទី 0២៖ ការចុះទៅទស្សនកិច្ចនៅទីតាំង កសិកម្មរបស់ម្ចាស់សហគ្រិនកសិកម្ម
-កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០២៤ និង
-ថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០២៤។
-ទីតាំង៖ ខេត្តកំពត

១.១.គោលបំណង
-ដើម្បីលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ នៃសហគ្រិនភាពក្នុងវិស័យកសិកម្ម
-ដើម្បីផ្តល់ជាការគាំទ្រដល់គំនិតផ្តួចផ្តើមថ្មី តាមរយៈការចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងឱកាសផ្សេងៗពីសហគ្រិន និងសិស្សនិស្សិតក្នុងវិស័យកសិកម្ម
-ជាកន្លែងសម្រាប់បង្កើតទំនាក់ទំនង និងចែករំលែកបទពិសោធន៍ និងឱកាសទៅវិញទៅមក។

២.ចក្ខុវិស័យ
ដើម្បីក្លាយជាវេទិកាមួយដែលជំរុញ សហគ្រិនភាពលើវិស័យកសិកម្ម ក្នុងគោលបំណងបង្កើតជាសហគមន៍ កសិសហគ្រិនក្នុងប្រទេសកម្ពុជា។

២.២.បញ្ហាប្រឈម
-កង្វះការយល់ដឹង និងការផ្សព្វផ្សាយនៅមានកម្រិត ទៅលើភាពជាសហគ្រិនក្នុងវិស័យកសិកម្ម
-កង្វះខាតក្នុងការសហការចូលរួមផ្សព្វផ្សាយ និងចែករំលែកពីកសិសហគ្រិនភាព បញ្ហាប្រឈម ចែករំលែកបទពិសោធន៍លើវិស័យកសិកម្ម
-ការទំនាក់ទំនងមិនទាន់មានភាព ទូលំទូលាយក្នុងការស្វែងយល់ពីឱកាសនានាក្នុងការពង្រឹង និងពង្រីកអាជីវកម្មក្នុងវិស័យកសិកម្ម។

៣.គោលដៅអ្នកចូលរួម
-ម្ចាស់អាជីវកម្មដែលទាក់ទងនឹងវិស័យកសិកម្ម
-និស្សិតកំពុងសិក្សា ឬទើបបញ្ចប់ការសិក្សា

៤.សេចក្តីសន្និដ្ឋាន
គម្រោង “កសិសហគ្រិនភាព” នេះនឹងរួមចំណែកយ៉ាងសំខាន់សម្រាប់ប្រជាកសិករ ដើម្បីពង្រឹងសមត្ថភាពកសិករអោយក្លាយជា សហគ្រិនលើដំណាំដាំដុះរបស់ខ្លួនឯង ព្រមទាំងជាការរួមចំណែកដល់ ការអភិវឌ្ឍកសិកម្មក្នុងស្រុកផងដែរ។

វេទិកាចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ “សហគ្រិនភាពក្នុងវិស័យកសិកម្ម” នឹងក្លាយជាវេទិកាមួយសម្រាប់អ្នកប្រកបអាជីវកម្ម និងនិស្សិតសម្រាប់ពិភាក្សា ចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងផ្តល់ឱកាសផ្សេងៗអោយគ្នាទៅវិញទៅមក ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្ម ៕

Most Popular

To Top