ភ្នំពេញៈ សមាគមឈ្មួញជើងសារឧបករណ័និស្សន្ទ៏ (DBAC) បានចុះអនុស្សរណៈជាមួយសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ដើម្បីជម្រុញ និងលើកកំពស់ការវិនិយោគលើឧបករណ៍និស្សន្ទនៅកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នានេះ (MOU)ត្រូវបានចុះហត្ថលេខារវាងលោកស្រី ប៊ុន សុវ៉ាត់ឌី ជាស្ថាបនិក និងជាប្រធានសមាគម ឈ្មួញជើងសារឧបករណ៍និស្សន្ទ (DBAC) ជាមួយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មាធិការវិនិយោគ នៃសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ ហៅកាត់ថា(IDI)។

ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាពលោកស៊ូសុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និង លោក លោកស្រី ភ្ញៀវកិត្តិយស ព្រមទាំងគណៈប្រតិភូ នៃសមាគមទាំងពីរ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅទីតាំងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចជាន់ទី១៥ ។

ការចុះMOUនេះ ធ្វើឡើងក្នុងគោលបំណងដូចជា ទី១ណែនាំ និងផ្តល់ការប្រឹក្សាយោបល់ដល់វិនិយោគិន ដែលមានបំណង់បើកក្រុមហ៊ុន ឈ្មួញជើងសាឧបករណ៍និស្សន្ទ ក្នុងប្រទេសកម្ពុជា លើមធ្យោបាយនីតិវិធីចុះបញ្ជី និងការរៀបចំ។ ទី២ សម្រួលដល់ការប្រឹក្សាលើការរៀបចំ និងចាត់ចែងជូនវិនិយោគិន ពាក់ព័ន្ធការប្រតិបត្តិការអាជីវកម្មឧបករណ៍និស្សន្ទ។

ទី៣ ផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធ លើការជួញដូរឧបករណ៍និស្សន្ទ។ ទី៤ ផ្តល់ការប្រឹក្សាផ្តល់យោបល់ លើការជួញដូរឧបករណ៍និស្សន្ទ និងភ្ជាប់ជាមួយលក្ខខណ្ឌពិសេស៕

