Event

ច្បាស់ហើយប៉ុណ្ណឹង Maximillion Cooper ស្ថាបនិក Gumball 3000 ចុះមកកម្ពុជាដោយផ្ទាល់

ភ្នំពេញ៖ បងប្អូនអ្នកស្នេហាវិស័យរថយន្ត Supercar ប្រាកដជាធ្លាប់បានលឺ និងស្គាល់ឈ្មោះលោក Maximillion Cooper ហើយ! កន្លែងណាមានឈ្មោះគាត់ កន្លែងនោះតែងតែមានព្រឹត្តិការណ៍ដ៏អស្ចារ្យកើតឡើង។ ថ្ងៃនេះ ស្រាប់តែប្រទះឃើញវត្តមាន លោក Maximillion Cooper នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានទាំងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីក្រុមហ៊ុន ជីប ម៉ុង ទៀតផង។ តើនឹងមានអ្វីកើតឡើងនៅកម្ពុជាយើង?

កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ លោក Maximiliion Cooper បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដោយផ្ទាល់ ហើយក៏សង្កេតឃើញមានវត្តមាន ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយក ពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង ទៅទទួលស្វាគមន៍ដោយផ្ទាល់ ដល់អាកាសយានដ្ឋាន អមជាមួយនឹងកំពូលរថយន្ត Supercar ជាច្រើនគ្រឿង ជូនដំណើរលោកមកកាន់ប្រទេសកម្ពុជា។ វត្តមានរបស់លោក Maximillion Cooper នៅថ្ងៃនេះគឺជាសញ្ញាល្អមួយ ដែលអាចបញ្ជាក់បានថា ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជានឹងកាន់តែកក្រើក និងនាំយកភាពល្បីល្បាញ របស់ប្រទេសកម្ពុជាឱ្យរីកសុះសាយទូទាំងសកលោក តាមរយៈព្រឹត្តិការណ៍ដ៏ធំមួយនេះ។

ជាមួយគ្នាក្នុងការមកដល់របស់លោក Maximillion Cooper នេះដែរ ក្រសួងទេសចរណ៍ និងក្រុមហ៊ុន ជីប ម៉ុង នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដើម្បីប្រកាសជាផ្លូវការអំពីព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ខាងមុខនេះ។ រង់ចាំតាមដានទាំងអស់គ្នា ថាតើនឹងមានព្រឹត្តិការណ៍ធំៗអ្វីខ្លះ?

គួបញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 នឹងរៀបចំនៅប្រទេសកម្ពុជារយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយក្រសួងទេសចរណ៍ទទួលបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋាភិបាលកម្ពុជា សហការជាមួយក្រុមហ៊ុន ជីប ម៉ុង តែមួយគត់ក្នុងការរៀបចំព្រឹត្តិការណ៍នេះ។ ក្រុមហ៊ុន ជីប ម៉ុង ទទួលបានឱកាសនេះ ក៏ព្រោះតែភាពល្បីល្បាញ និងចាក់គ្រឹះយ៉ាងរឹងមាំជាង ៤ទសវត្ស នៃពហុពាណិជ្ជកម្ម ដោយវិនិយោគលើវិស័យធំៗជាច្រើននៅកម្ពុជា និងមានដៃគូពាណិជ្ជកម្មជាច្រើនលើពិភពលោក ដូច្នេះហើយទើបក្រុមហ៊ុនត្រូវបានក្រសួងទេសចរណ៍ និង Gumball 3000 ទុកចិត្ត និងសហការរៀបចំព្រឹត្តិការណ៍នេះ។

សូមរំឮកដែរថា ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជានេះ ជាព្រឹត្តិការណ៍ដែលរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន៤ គឺ៖ ១).ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក ២). ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ៣). ការបើកឱកាសរវាងវិនិយោគគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និងទី ៤). ការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ”ការចូលរួមចតឡានច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត”។ កុំភ្លេច ចូលរួមទស្សនាផ្ទាល់ ដោយសេរី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដើម្បីជ្រាបឱ្យកាន់តែច្បាស់អំពីព្រឹត្តិការណ៍នេះ៕

Most Popular

To Top