ភ្នំពេញ៖ នារាត្រីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ Gumball 3000 x Chip Mong បានរៀបចំពិធីលៀងសាយភោជន៍ (Gala Dinner) ដ៏ពិសេស និងអធិកអធមបំផុតនៅមុខប្រសាទបាយ័ន ដើម្បីជាកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ដល់ប្រតិភូ Gumball 3000 ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ឲ្យបានសមរម្យ និងសក្ដិសម ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Gumball 3000 x Chip Mong នៅកម្ពុជានេះ។
កាន់តែពិសេស ក្នុងពិធីលៀងសាយភោជន៍នេះ វិនិយោគិនក្នុងស្រុកជាច្រើន ក៏បានជួបជុំធុរៈកិច្ច ជជែកពិភាក្សាដោយផ្ទាល់ជាមួយនឹងប្រតិភូអន្តរជាតិ Gumball 3000 លើប្រធានបទ «ធុរកិច្ច និងជំរុញការវិនិយោគនានា នៅកម្ពុជាថ្ងៃអនាគត»។ ពិធីនេះផងដែរ ទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា អមដោយថ្នាក់ដឹកនាំជាច្រើនរូប រួមជាមួយនឹងថ្នាក់ដឹកនាំកំពូលៗរបស់ ជីប ម៉ុង ជាច្រើនរូបផងដែរ។
ថ្នាក់ដឹកនាំកំពូល និងសមាជិកក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន ជីប ម៉ុង ដែលមានវត្តមាន នៅក្នុងពិធីលៀងសាយភោជន៍នេះ រួមមាន៖ លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិក ក្រមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ជីប ម៉ុង, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ជីប ម៉ុង, ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម ជីប ម៉ុង និងសមាជិកក្រុមប្រឹក្សាភិបាលជាច្រើនរូបផ្សេងទៀត ក្រោមបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាលបំផុត។
សូមរំលឹកថា ព្រឹត្តិការណ៍ Gumball 3000 x Chip Mong នេះផ្ដួចផ្ដើមរៀបចំឡើង ដោយក្រសួងទេសចរណ៍ សហការជាមួយ ក្រុមហ៊ុន ជីប ម៉ុង ក្រោមការដឹកនាំរបស់ លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង, ស្ថាប័ន និងភាគីពាក់ព័ន្ធនានា ក្រោមការអនុញ្ញាត ជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្តនេះរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ និងខេត្ត សៀមរាប។
គួបញ្ជាក់ដែរថា ព្រឹត្តិការណ៍ Gumball 3000 x Chip Mong នេះ រៀបចំឡើងក្នុងគោលបំណងធំៗចំនួន៤ រួមមាន៖ ១). ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេស ទៅកាន់ពិភពលោក ២).ការចូលរួមចំណែក ក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ៣). ការបើកឱកាសរវាងវិនិយោគគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និងទី ៤). ការបង្កើតកំណត់ត្រាពិភពលោក GUINNESS WORLD RECORD ”ការចូលរួមចតឡានច្រើនជាងគេ នៅមុខប្រាសាទអង្គរវត្ត”៕