ភ្នំពេញ៖ សូមរំលឹកបន្តិចថា ព្រឹត្តិការណ៍ Gumball 3000 x Chip Mong បានរៀបចំរយៈពេល ៣ថ្ងៃ ក្នុងប្រទេសកម្ពុជា គឺនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា កន្លងទៅថ្មីៗនេះ ដោយមានការចូលរួមពីរថយន្ត Sport Cars, Supercars និង Luxury Cars ក្នុងស្រុករហូតដល់ទៅជាង ៣០០រថយន្ត និងពីប្រតិភូ Gumball 3000 ចំនួនជាង ១៥០រថយន្ត។
ព្រឹត្តិការណ៍ Gumball 3000 x Chip Mong នៅកម្ពុជា បញ្ចប់ទៅដោយភាពរីករាយ ការចងចាំល្អៗ ទទួលបានការសាទរពីប្រជាជនកម្ពុជា និងការគាំទ្រពីថ្នាក់ដឹកនាំ ក្នុងជួររដ្ឋាភិបាល ពិសេសគឺការគាំទ្រយ៉ាងពេញទំហឹង ពីរដ្ឋាភិបាលកម្ពុជា ដោយផ្ទាល់ផងដែរ។
ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជានេះ បានជះឥទ្ធិពលវិជ្ជមានជាច្រើន មកកាន់ប្រទេសកម្ពុជា រួមមាន៖ ការផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍ ការផ្ដល់ជំនួយសប្បុរសធម៌ ទៅកាន់មន្ទីពេទ្យកុមារអង្គរ ឱកាសនៃទំនាក់ទំនងពាណិជ្ជកម្ម ទៅវិញទៅមករវាងវិនិយោគិនក្នុងស្រុក និងបរទេស និងការបំបែកកំណត់ត្រាពិភពលោកជាដើម។
យើងអាចមើលឃើញផលវិជ្ជមាននេះ តាមរយៈការផ្សព្វផ្សាយល្អៗជាច្រើន ពីក្រុមអ្នកស្រលាញ់ចូលចិត្តរថយន្តទំនើប ភ្ញៀវជាតិ និងអន្តរជាតិ និងសូម្បីតែប្រតិភូ Gumball 3000 ក៏មានការពេញចិត្ត និងស្ងើចសរសើរមិនដាច់ពីមាត់ផងដែរ ដោយយើងអាចសង្កេតឃើញ តាមរយៈការចុះផ្សាយ នៅលើបណ្ដាញសង្គមផ្លូវការ Gumball 3000 រួមមាន គេហទំព័រហ្វេសប៊ុក បណ្ដាញសង្គម Thread និង Tik Tok Gumball 3000 ជាដើម។ ទាំងនេះគឺជាសញ្ញាវិជ្ជមាន និងជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិ នៅលើទឹកដីដ៏អច្ឆរិយៈរបស់យើង។
សូមបញ្ជាក់ជូនថា ក្រុមហ៊ុន ជីប ម៉ុង គឺជាក្រុមហ៊ុនឯកជនតែមួយគត់នៅកម្ពុជា ដែលក្រសួងទេសចរណ៍ចាប់ដៃសហការ ក្នុងការរៀបចំព្រឹត្តិការណ៍ Gumball 3000 x Chip Mong នេះ ដោយដឹកនាំដោយលោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម ជីប ម៉ុង និងភាគីពាក់ព័ន្ធនានា តបតាមការអនុញ្ញាត ជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា៕