ភ្នំពេញ៖ ឆ្នាំនេះក៏មិនខុសពីឆ្នាំរាល់ដងនោះដែរ គឺក្រុមហ៊ុនសាមសុង នៅតែបន្តយុទ្ធនាការសប្បុរសធម៌របស់ខ្លួនដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ក៏ដូចជាការជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សតាមរយៈការផ្ដល់នូវសម្ភារៈសិក្សា ការអប់រំ និងបណ្តុះបណ្តាលជំនាញផ្សេងៗជាដើម។
ជាក់ស្ដែង នៅថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2024 ក្រោមយុទ្ធនាការសប្បុរសធម៌ចែករំលែកក្ដីស្រលាញ់របស់ក្រុមហ៊ុនសាមសុង “Samsung Love & Care” បាននាំយកនូវសម្ភារៈសិក្សាប្រមាណ 267 ឈុត ប្រគល់ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា វត្តហារ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន សាមសុង ក៏បានធ្វើការប្រគល់នូវទូរទស្សន៍សាមសុង ចំនួន 11 គ្រឿង ជូនដល់ អង្គការ ហ្គូដណេប៊ឺសកម្ពុជា ផងដែរ ក្នុងគោលបំណងជួយសម្រាល និងផ្ដល់នូវភាពងាយស្រួលដល់សិស្សានុសិស្សដើម្បីសិក្សារៀនសូត្រ។ ទូរទស្សន៍សាមសុង មិនត្រឹមតែផ្ដល់នូវការទស្សនាបែបកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែសិស្សានុសិស្សក៏អាចធ្វើការសិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមពីបច្ចេកវិទ្យាថ្មីៗនាពេលបច្ចុប្បន្ននេះ ជាពិសេសសិស្សានុសិស្សអាចស្វែងរកទិន្នន័យបន្ថែមសម្រាប់ជំនួយដល់ការសិក្សារបស់ពួកគេបានផងដែរ។
សកម្មភាពយុទ្ធនាការសប្បុរសធម៌នេះបានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រកបដោយភាពស្និទ្ធស្នាលពោរពេញដោយស្នាមញញឹម។ គោលបំណងដ៏សំខាន់នៃសកម្មភាពសប្បុរសធម៌នេះ គឺដើម្បីជួយបំពេញនូវការខ្វះខាត និងជួយសម្រួលដល់ការសិក្សាដោយការផ្សារភ្ជាប់បច្ចេកវិទ្យាក្នុងការអប់រំដល់សិស្សានុសិស្សនៅកម្ពុជា។
លោកនាយកសាលាបឋមសិក្សា វត្ដហារ បានថ្លែងចំណាប់អារម្មណ៍ដូច្នេះថា “តាងនាមឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះក្រុមហ៊ុនសាមសុងកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងជួយជំរុញលើកទឹកចិត្តដល់កុមារនៅកម្ពុជាយើង។ តាមរយៈការផ្ដល់នូវសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលកំពុងតែជួបនូវការខ្វះខាត នេះគឺជាចំណែកមួយដែលធ្វើឱ្យពួកគាត់មានកម្លាំងចិត្តក្នុងការសិក្សារៀនសូត្របន្ត។ ហើយនេះជាក្តីរំភើបរីករាយខ្លាំងបំផុត ដែលក្រុមហ៊ុន សាមសុង បានជ្រើសយកសាលាបឋមសិក្សា វត្តហារ សម្រាប់កម្មវិធីសប្បុរសធម៌របស់ខ្លួននាពេលនេះ” ។
តំណាងក្រុមហ៊ុនសាមសុង លោក លី គោវិទ្ធ ប្រធានគ្រប់គ្រងទីផ្សារគ្រឿងអេឡិកត្រូនិកប្រចាំប្រទេសកម្ពុជា និងឡាវ មានប្រសាសន៍បន្ថែមផងដែរថា “មិនថាឆ្នាំនេះ ឬ ឆ្នាំតទៅមុខទៀត ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តយុទ្ធនាការសប្បុរសធម៌ចែករំលែកក្ដីស្រលាញ់នេះទៅកាន់កុមារកម្ពុជា បន្តទៀត។ ក្រុមហ៊ុន សាមសុង ពិតជារីករាយដែលបានក្លាយជាចំណែកមួយក្នុងការជួយជំរុញ និងលើកទឹកចិត្តដល់កុមារនៅកម្ពុជា ជាពិសេសការជួយពង្រឹងលើសម្ថភាព ដើម្បីភាពរីកចម្រើនរបស់កុមារនាពេលអនាគត។ ហើយសាមសុង សង្ឃឹមយ៉ាងមុតមាំថា ក្មួយៗសិស្សានុសិស្សទាំងអស់នឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹងទៅអភិវឌ្ឍខ្លួន ក៏ដូចជាអភិវឌ្ឍប្រទេសជាតិទាំងមូលផងដែរ” ។
ជាចុងក្រោយ ក្រុមហ៊ុន សាមសុង បានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបន្តរិះរកអ្វីដែលថ្មីៗដើម្បីជួយឱ្យកុមារកម្ពុជា ទទួលបានចំណេះជំនាញច្បាស់លាស់ប្រកបដោយភាពវៃឆ្លាត ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ចូលប្រឡូកក្នុងទីផ្សារការងារប្រកបដោយទំនុកចិត្តនៅពេលអនាគត៕