«កម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៥» ជាសក្ខីភាពមួយក្នុងការលើកស្ទួយ និងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា-ចិន តាមរយៈការផ្តល់ជាវេទិកាដល់សិល្បៈករ សិល្បៈការនី មានឱកាសសម្តែងរបាំ ដែលជាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា និងរបាំបុរាណចិន។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងពិធីបិទកម្មវិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន និងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៥។

ក្នុងឱកាសដ៏ឱឡារិកនោះដែរ សារព័ត៌មានTNAOT បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់រួមមាន “អ្នកផ្សព្វផ្សាយវប្បធម៌ភាពយន្តឆ្នើមក្នុងឆ្នាំ២០២៤របស់សារព័ត៌មានត្នោត” “អ្នកផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌អរូបីឆ្នើមក្នុងឆ្នាំ២០២៤ របស់សារព័ត៌មានត្នោត” “របាំព្រះរាជទ្រព្យ បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា” “ល្ខោនស្រមោលស្បែកធំ បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា” “ល្បុក្កតោ បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា” “ល្ខោនខោលបេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា” “ចាប៉ីដងវែង បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា” “វីដេអូឃ្លីបខ្លីៗដែលពេញនិយមបំផុតក្នុងឆ្នាំ២០២៤ របស់សារព័ត៌មានត្នោត”។

ស្របពេលជាមួយគ្នា ឯកឧត្តម ប្រាក់ ថាវអមិដា ក៏បានថ្លែងអំណរគុណដល់ សារព័ត៌មានត្នោត ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីឱ្យមានការជួបជុំគ្នា និងផ្តល់នូវរង្វាន់លើកទឹកចិត្តដល់សិល្បៈករ សិល្បៈការនីឆ្នើម។ ការចូលរួមអបអរសាទរ «ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន» និងពិធីប្រគល់ពានរង្វាន់ថ្ងៃនេះ ក៏ជានិមិត្តរូបមួយនៃទំនាក់ទំនងផ្នែកវប្បធម៌ដ៏ជ្រាលជ្រៅរវាងប្រទេសកម្ពុជា-ចិន។

ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានបញ្ជាក់ថា ការសម្តែងសិល្បៈវប្បធម៌គ្រប់ទម្រង់ទាំងអស់ គឺជាការរួមចំណែកដ៏សកម្ម និងដោយផ្ទាល់ក្នុងការផ្សព្វផ្សាយប្រពៃណី វប្បធម៌ និងទំនៀមទំលាប់ ដែលរួមចំណែកផ្សារភ្ជាប់ចំណងមិត្តភាពរវាងប្រជាជន និង ប្រជាជន និងការយល់ដឹងពីគ្នាទៅវិញទៅមក។

គួរបញ្ជាក់ផងដែរថា កម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន រៀបចំដោយសារព័ត៌មានTNAOT រយៈពេល ២ថ្ងៃ សម្រេចបានដោយជោគជ័យ និងលទ្ធផលផ្លែផ្កា ដោយទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ប្រជាជនកម្ពុជា-ចិន ចូលរួមទស្សនាផ្ទាំងទស្សនីយភាពសម្តែងសិល្បៈផ្សេងៗរវាងប្រទេសទាំងពីរ ក៏ដូចជាការតុបតែងខ្លួនជាសម្លៀកបំពាក់បុរាណចិនជាហូរហែរផងដែរ៕


