ភ្នំពេញ៖ ប្អូនស្រី សាលី ស្រីមាស រំភើបរហូតស្រក់ទឹកភ្នែកដោយអារម្មណ៍ត្រេកអរជាខ្លាំង ទទួលទឹកចិត្តមហាធំធេង ការឧបត្ថម្ភរ៉ាប់រងរាល់ការចំណាយព្យាបាលជំងឺដល់ប្អូនស្រីពី ក្រុមហ៊ុន ជីប ម៉ុង ក្នុងកម្មវិធីជួបសំណេះសំណាល សួរសុខទុក្ខផ្ទាល់ជាមួយប្អូនស្រី សាលី ស្រីមាស កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ ។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង សម្ដែងការស្ងើចសរសើរយ៉ាងខ្លាំង ដល់ប្អូនស្រី សាលី ស្រីមាស ដែលជានាដការីរបាំព្រះរាជទ្រព្យ និងជាសិល្បៈការនីគំរូដល់យុវជនបន្តវេនជំនាន់ក្រោយ មានទេពកោសល្យ មានស្នាដៃច្រើន ខិតខំប្រឹងប្រែង តាំងចិត្តក្នុងការសម្ដែងសិល្បៈ ការសម្ដែងរឿងបុរាណទាំងនៅកម្ពុជា និងក្រៅប្រទេសពោរពេញទៅដោយសក្តានុពលក្នុងការជួយផ្សព្វផ្សាយវិស័យសិល្បៈបុរាណខ្មែរ។
ថែមទាំងផ្ដាំផ្ញើដល់ប្អូនស្រី សាលី ស្រីមាស ថា៖ ក្រៅពីមានគ្រូពេទ្យជំនាញជួយព្យាបាលហើយ ប្អូនស្រីផ្ទាល់ជាចំណែកដ៏សំខាន់ ត្រូវធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ តាមដានពិនិត្យសុខភាពជាប្រចាំ ញ៉ាំអាហារមានជីវជាតិ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីទទួលបានសុខភាពល្អត្រលប់មកវិញ ព្រោះគ្មានអ្វីសំខាន់ជាងការថែទាំសុខភាពខ្លួនឯងឱ្យល្អទេ សុខភាពរបស់យើងមិនអាចខ្ចីគេបានទេ បើយើងខ្វះថវិកាយើងអាចរកកម្ចីពីបងប្អូន មិត្តភក្ដិនិងគ្រួសារ ឬធនាគារបាន តែសុខភាពមានតែយើងខ្លួនឯងប៉ុណ្ណោះជាអ្នកមើលថែ។
ជីប ម៉ុង ជាក្រុមហ៊ុនបង្កើតឡើងដោយខ្មែរ និងតែងតែលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរយ៉ាងសកម្ម មានផ្នត់គំនិតជួយជ្រោមជ្រែងខ្មែរគ្នាឯង ដឹងពីទុកធុរៈខ្មែរយើងច្បាស់ ហើយនេះមិនមែនជាលើកទី ១ ទេ ដែល ក្រុមហ៊ុន ជីប ម៉ុង ចេញមុខរ៉ាប់រងលើការព្យាបាលជំងឺ! ជាក់ស្តែងនាពេលកន្លងមក ជីប ម៉ុង បានជួយចេញថ្លៃព្យាបាលទាំងស្រុង ដល់អតីតកីឡាករជម្រើសជាតិកម្ពុជាយើង គឺបងប្រុស ហួត សុគន្ធា រហូតដល់ជាផងដែរ!





