Event

អ្នកនៅម្តុំបឹងកេងកងត្រៀម! ផ្សារទំនើប ណូរ៉ូ លេន កំពុងកែប្រែមុខមាត់ថ្មី នឹងបើកក្នុងខែមេសានេះហើយ

កាលពីថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន ជីប ម៉ុង បានធ្វើពិធីសែនព្រេនសុំពរជ័យក្នុងផ្សារទំនើប ណូរ៉ូ លេន ដែលជាទីតាំងមួយនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញផងដែរ។ នៅក្នុងកម្មវិធីនេះ ក៏មានការអញ្ចើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីវត្តមាន លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លោកជំទាវ លី សុខឆេង នាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

អ្នកឧកញ៉ា លាង ម៉េង ដែលជាសហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា ក្នុងនាមជាសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ខ្ញុំពិតជាមានមោទភាពដែលក្រុមហ៊ុនធំបង្អស់ក្នុងស្រុកមួយនេះ នៅតែបន្តនាំយកនូវបទពិសោធន៍ថ្មីប្លែកឱ្យប្រជាជនខ្មែរបានស្គាល់និងសាកល្បងដើម្បីជម្រុញឱ្យវិស័យពាណិជ្ជកម្មនៅកម្ពុជាកាន់តែមានការអភិវឌ្ឍរួមទាំងស្តង់ដារនៃការរស់នៅរបស់ប្រជាជនយើងកាន់តែល្អស៊ីវិល័យជាមុន”។

អ្នកឧកញ៉ា មានប្រសាសន៍បន្តថា ការសម្រេចកែលម្អគម្រោងច្នៃប្រឌិតថ្មីលើផ្សារទំនើប ណូរ៉ូ លេននេះ គឺដើម្បីឲ្យអតិថិជនទទួលបានបរិយាកាស ងាយស្រួល សម្បូរបែប ស្របតាមការនិយមរបស់មនុស្សជំនាន់ថ្មី ជាពិសេស យើងផ្ចិតផ្ចង់ខ្លាំងលើភាពច្នៃប្រឌិត មានកន្លែងអង្គុយលំហែកាយបែបបោះតង់នៅខាងក្នុងផ្សារទំនើបផ្ទាល់ ដែលអាចឲ្យយុវវ័យ អ្នកធ្វើការមកបំពេញការងារយ៉ាងងាយស្រួល ក៏ដូចជាជួបជុំគ្នាពេលល្ងាចចុងសប្តាហ៍ផងដែរ។ 

អ្នកឧកញ៉ា លាង ម៉េង ក៏បានមានប្រសាសន៍បន្ថែមថា ជាមួយចក្ខុវិស័យវែងឆ្ងាយ ក្រុមហ៊ុន ជីប ម៉ុង មើលឃើញពីសក្តានុពលនៃវិស័យទេសចរណ៍ជាតិនិងអន្តរជាតិជាពិសេសទីតាំងដែលនៅកណ្តាលបេះដូងនៃរាជធានីមួយនេះដែលហ៊ុំព័ទ្ធដោយតំបន់ទេសចរណ៍ល្បីៗចម្រុះសម័យកាល។ ក្នុងនាមជាក្រុមហ៊ុនធំបង្អស់នៅកម្ពុជា យើងរក្សាគោលជំហរក្នុងការពង្រឹងម៉ាកយីហោក្នុងស្រុក ដោយបន្តអភិវឌ្ឍខ្លួនលើបទពិសោធន៍ថ្មី វិនិយោគលើការកែប្រែតាមសម័យកាលថ្មី ដើម្បីធានាបាននូវសេវាកម្មប្រកបដោយស្តង់ដាខ្ពស់ ជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងស្រុក ឲ្យកាន់តែរីកចម្រើន និងទំនើបទ្វេដង។ 

ជាមួយគ្នានោះដែរ លោកជំទាវ លី សុខឆេង នាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ក៏បានមានប្រសាសន៍ថា ចំពោះរូបរាង ផ្សារទំនើប ណូរ៉ូ លេន នេះគឺយើងបានកែប្រែថ្មីស្ទើរទាំងស្រុងមិនតែប៉ុណ្ណោះយើងក៏បានផ្តល់ជូនភោជនីដ្ឋានច្រើនជាងមុនដោយមានរហូតដល់ទៅ ៥០ហាង។ លើសពីនេះទៅទៀត អ្វីកាន់តែពិសេសនោះភោជនីដ្ឋានដែលនៅក្នុងផ្សារទំនើប ណូរ៉ូ លេន គឺសុទ្ធសឹងតែហាងល្បីៗម្ហូបអាហារក៏ឆ្ងាញ់ៗចំណែកតម្លៃវិញក៏សមរម្យផងដែរ ហើយបើនិយាយអំពីបរិយាសក្នុងផ្សារទំនើប ណូរ៉ូ លេន វិញគឺមានផាសុខភាពនិងត្រជាក់ខ្លាំងមែនទែនដែលបរិយាកាសថ្មីនេះគឺផ្តល់ភាពងាយស្រួលខ្លាំងណាស់សម្រាប់អ្នករស់នៅតំបន់បឹងកេងកង។

គួរជម្រាបថា ក្នុងដំណើររីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន ជីប ម៉ុង និងពាណិជ្ជកម្មទាំង១៤ ឈរជើងរឹងមាំជាង៤០ឆ្នាំ ជីប ម៉ុង នៅតែបន្តប្រកាន់យកឆន្ទៈមោះមុតក្នុងការលើកតម្កើងគ្រប់សមិទ្ធផលដែលសាងឡើងដោយស្នាដៃកូនខ្មែរវិនិយោគទៅលើរបត់បែបផែនថ្មីដើម្បីជាឱកាសពង្រីកអាជីវកម្មនិងបម្រើគ្រប់តម្រូវការរបស់អតិថិជន៕

Most Popular

To Top