(ភ្នំពេញ មេសា ២០២៥) ៖ នៅក្នុងការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) និង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដែលជាក្រុមហ៊ុនដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងជំរុញភាពរីកចម្រើនរួម កំណើនសេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពជាតិ។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ របស់ក្រុមហ៊ុន ជីប ម៉ុង និង រ៉ូយ៉ាល់ គ្រុបនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។
ក្នុងឱកាសយ៉ាងឱឡារិក លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថា៖ «ភាពជាដៃគូនេះមិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនឈានមុខគេពីរប្រចាំប្រទេសនោះទេ វាគឺជាគំនិតផ្តួចផ្តើមដ៏អង់អាច ដែលនឹងចូលរួមអភិវឌ្ឍរយៈពេលវែងដ៏គួរឱ្យកត់សម្គាល់នាពេលអនាគតរបស់ប្រទេសកម្ពុជា»។
លោកអ្នកឧកញ៉ា បានថ្លែងបន្ថែមថា៖ «ដូចសុភាសិតខ្មែរមួយលើកឡើងថា ចង្កឹះមួយបាច់ កាច់មិនបាក់។ ប្រទេសកម្ពុជា យើងទាមទារឱ្យក្រុមហ៊ុនខ្មែរចាប់ដៃគ្នា បង្កើនស្មារតីសហការគ្នាប្រកបដោយឆន្ទៈពិតប្រាកដ យកចំនុចខ្លាំងមកផ្គុំគ្នាជាធ្លុងមួយ ដើម្បីក្លាយជាចន្ទល់ដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។»
តាមរយៈកិច្ចសហការដោយក្រុមហ៊ុនទាំង២ ប្រើប្រាស់ភាពខ្លាំង ជំនាញ និងចក្ខុវិស័យរួមគ្នារបស់ ក្រុមហ៊ុន ជីប ម៉ុង និង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កំពុងដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យអាជីវកម្មសំខាន់ៗ រួមមានធនាគារ ថាមពល សំណង់ និងអចលនទ្រព្យ បដិសណ្ឋារកិច្ច ទំនាក់ទំនង ភេសជ្ជៈ និងការអប់រំជាដើម។ ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា។
គោលបំណងសំខាន់នៃ MOU រួមមាន៖
- ការលើកកម្ពស់ភាពស៊ីសង្វាក់គ្នានៃធុរកិច្ច៖ រួមបញ្ចូលគ្នានូវជំនាញបន្ថែមនិងការប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារ ដើម្បីជំរុញភាពរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ចរួមរបស់ជាតិ។
- ការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ៖ ការចាប់ផ្តើមបណ្តាក់ទុនរួមគ្នា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
- ការបង្កើតឱកាសការងារ៖ ការចូលរួមកសាងធនធានមនុស្ស បង្កើតឱកាសការងារ និងបណ្តុះជំនាញជូនប្រជាពលរដ្ឋ។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុត របស់ក្រុមហ៊ុន ជីប ម៉ុង និង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ចំពោះការច្នៃប្រឌិត ឧត្តមភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។ ក្រុមហ៊ុនខ្មែរទាំងពីរ មានម្ចាស់ជាសហគ្រិនខ្មែរ មានប្រវត្តិដ៏ល្បីល្បាញនៃការវិនិយោគលើការរីកចម្រើនរបស់ប្រទេសកម្ពុជា។
គំនិតផ្តួចផ្តើមសហការនេះស្របតាមមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំដាក់ចេញនូវចក្ខុវិស័យរយៈពេលវែង ដោយចង់ប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមានប្រសាសន៍ថា៖ «នៅពេលដែលយើងចាប់ផ្តើមដំណើរផ្លាស់ប្តូរនេះ យើងនៅតែផ្តោតលើបេសកកម្មរបស់យើងដើម្បីជំរុញការរីកចម្រើន បង្កើតឱកាស និងរួមចំណែកដល់ភាពជោគជ័យជាបន្តបន្ទាប់របស់កម្ពុជា»។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង:
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប សូមចូលទៅកាន់៖ www.royalgroup.com.kh
លោក Raymond Yager លោក Mark Hanna
នាយកប្រតិបត្តិផ្នែកអចលនទ្រព្យ និងការអប់រំ អគ្គនាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប
ទូរស័ព្ទ: +855 12 919 671 ទូរស័ព្ទ: +855 12 900 977
អ៊ីម៉ែល: ray@northbridge.com.kh អ៊ីម៉ែល: markhanna@royalgroup.com.kh
លោក Paul Clements
អគ្គនាយករងផ្នែកយុទ្ធសាស្រ្ត និងការវិនិយោគ
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប
ទូរស័ព្ទ: +855 855 01967
អ៊ីម៉ែល: paul.clements@royalgroup.com.kh
ក្រុមហ៊ុន ជីប ម៉ុង សូមចូលទៅកាន់៖ www.chipmong.com
លោក ទៀង សុភៈវិជ្ជា
អ្នកគ្រប់គ្រងជាន់ខ្ពស់កិច្ចការសាធារណៈ
ក្រុមហ៊ុន ជីប ម៉ុង
ទូរស័ព្ទ៖ +855 12 989 272
អ៊ីម៉ែល៖ vichea.tieng@chipmong.com
អំពីរ៉ូយ៉ាល់គ្រុប៖
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺជាក្រុមហ៊ុនចម្រុះឈានមុខគេនៅកម្ពុជាក្នុងការបង្កើតវិស័យអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ ជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជាហើយត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងភាពចម្រុះបំផុតរបស់ប្រទេស ដែលមានបុត្រសម្ព័ន្ធអាជីវកម្មជាច្រើនរួមមាន ការអភិវឌ្ឍអចលនទ្រព្យ ថាមពល ទូរគមនាគមន៍ ការដឹកជញ្ជូន ព័ត៌មាននិងការកម្សាន្ត ធនាគារនិងហិរញ្ញវត្ថុ ការធានារ៉ាប់រង សណ្ឋាគារនិងរមណីយដ្ឋាន ការអប់រំ និងផ្នែកថែទាំសុខភាព។
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺជាក្រុមហ៊ុនការវិនិយោគជាយុទ្ធសាស្រ្តរបស់កម្ពុជាដោយមានប្រវត្តិជោគជ័យលើភាពជាដៃគូឈានមុខគេក្នុងទីផ្សារសេរីដែលគ្របដណ្តប់លើអាជីវកម្មជាច្រើន និងផ្តល់នូវសក្តានុពលវិនិយោគយ៉ាងល្អប្រសើរក្នុងតំបន់ទន្លេមេគង្គនៃអាស៊ី។
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាតួអង្គយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចរបសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបសូមចូលទៅគេហទំព័រ
www.royalgroup.com.kh ឬទំនាក់ទំនង media@royalgroup.com.kh
អំពី ជីប ម៉ុង៖
ក្រុមហ៊ុន ជីប ម៉ុង គឺជាក្រុមហ៊ុនធំបង្អស់មួយនៅកម្ពុជា ដែលមានអាយុកាលជាង ៤០ឆ្នាំមកហើយ បង្កើតឡើងដោយសហគ្រិនខ្មែរ ចាប់តាំងពីឆ្នាំ ១៩៨២ រហូតបង្កើតបានពហុពាណិជ្ជកម្មជាង ១៤ ដែលបានវិនិយោគគ្រប់ដណ្តប់វិស័យធំៗនៅកម្ពុជាដូចជា៖ វិស័យសំណង់ អចលនទ្រព្យ ភេសជ្ជៈ ផ្សារទំនើប ធនាគារ សណ្ឋាគារនិងបដិសណ្ឋារកិច្ច ទីលានវាយកូនហ្គោល និងចែកចាយផលិតផលអេឡិចត្រូនិក ជាដើម ដែលវិស័យទាំងអស់នេះ បានចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងបរិស្ថានកម្ពុជា។
ក្រុមហ៊ុន ជីប ម៉ុង ក៏បន្តស្វែងរកឱកាស ដើម្បីពង្រីកអាជីវកម្មនៅក្នុងវិស័យជាច្រើនទៀតដូចជា៖បដិសណ្ឋារកិច្ច សណ្ឋាគារ វិស័យលក់រាយ និងច្រើនទៀត។ ចក្ខុវិស័យរបស់យើង គឺដើម្បីក្លាយជាក្រុមហ៊ុនខ្នាតធំ ដែល ទទួលបានការគោរព និងសរសើរបំផុតនៅក្នុងតំបន់។ នៅក្នុងបេសកកម្ម និងគោលតម្លៃរបស់យើង ជីប ម៉ុង នឹងបន្តនៅលើផ្លូវឆ្ពោះទៅរកការរីកចម្រើន ដោយជោគជ័យក្នុងការផលិតផលិតផលគុណភាពខ្ពស់បំផុត និងបម្រើអតិថិជនដ៏មានតម្លៃរបស់យើងឱ្យមានការពេញចិត្តពេញលេញរបស់ពួកគេ។






