Event

អបអរសាទរដល់ម្ចាស់ជើងឯកប្រចាំរដូវកាលទី២រួមជាមួយប្រាក់រង្វាន់៧០លានរៀលពីព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ៤x៤ទូទាំងប្រទេស

(ភ្នំពេញ)៖ តាំងពីវគ្គជម្រុះតាមភូមិភាគរហូតឆ្លងមកសមរភូមិតារាងបាល់ទះវគ្គផ្តាច់ព្រ័ត្រ ប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៧ ថ្ងៃពេញ ពេលនេះ ម្ចាស់ពានប្រចាំរដូវកាលទី ២ នៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ Wurkz Special Volleyball Cup 4×4 បានទៅលើ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B រួមជាមួយប្រាក់រង្វាន់ ៧០ លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ពិធីបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេសរដូវកាលទី ២ Wurkz Special Volleyball Cup 4×4 Season 2 នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) កាលពីថ្ងៃទី ២៧ ខែមេសា កន្លងទៅ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា រួមជាមួយ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និង លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយករងខុទ្ទកាល័យ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំថ្នាក់អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អង្គភាព ស្នងការនគរបាលរាជធានី-ខេត្តចំណុះក្រសួងមហាផ្ទៃ និង ថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការ អគ្គលេខាធិការរង សមាជិក-សមាជិការ នៃសហព័ទ្ធកីឡាបាល់ទះកម្ពុជា។

ក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេសរដូវកាលទី ២ បានរកឃើញម្ចាស់ជើងឯក និង ម្ចាស់ពានឯកត្តជន បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីម្សិលមិញ។ ក្នុងនោះ ជ័យលាភីលេខ ១ បានទៅលើ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានរង្វាន់ ១, មេដាយមាស, និងប្រាក់រង្វាន់ចំនួន ៧០ លានរៀល។ ជ័យលាភីលេខ ២ បានទៅលើ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ចំនួន ២០ លានរៀល។ ជ័យលាភីលេខ ៣ បានទៅលើ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ B ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ចំនួន ១២ លានរៀល។ ជ័យលាភីលេខ ៤ បានទៅលើ ក្លិបបាល់ទះខេត្តតាកែវ ទទួលបានប្រាក់រង្វាន់ ១ លានរៀល។

ចំណែកម្ចាស់ពានរង្វាន់ឯកត្តជនរួមមាន៖ កីឡាករ ធី ម៉េងហួរ មកពីសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានឯកត្តជន “កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍” និង “កីឡាករវាយសេវាល្អជាងគេ”, កីឡាករ កែវ ស្រេងលីហួរ មកពីសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានឯកត្តជន “កីឡាករលើកបាល់ល្អជាងគេ”, កីឡារករ ជុក សោភា មកពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានពានឯកត្តជន “កីឡាករវាយប្រយុទ្ធល្អជាងគេ”, និង កីឡាករ អ៊ុន ជីហាក់ មកពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានពានឯកត្តជន “កីឡាករធ្វើរនាំងល្អជាងគេ” រួមទាំងប្រាក់រង្វាន់ ១ លានរៀលក្នុង ១ ពានឯកត្តជន ពី ភេសជ្ជៈប៉ូវកម្លាំង វើក។

គួរបញ្ជាក់ផងដែរថា ក្រោមការឧបត្ថម្ភគាំទ្រមិនសំចៃពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងរយៈពេលពីររដូវកាលជាប់គ្នាមកនេះ សន្ទុះគាំទ្រនៃវិស័យកីឡាបាល់ទះកាន់តែកើនឡើង ជាពិសេសកំណើននៃយុវជនចុះឈ្មោះក្នុងរដូវកាលទី ២ នេះតែម្តង ដែលជាហេតុធ្វើឲ្យអ្នកឧកញ៉ា លាង ម៉េង សម្រេចតម្លើងប្រាក់រង្វាន់រហូតដល់ ៧០ លានរៀល សម្រាប់ម្ចាស់ជ័យលាភីវគ្គផ្តាច់ព្រ័ត្រក្នុងរដូវកាលថ្មីនេះ។ ជាពិសេស ដើម្បីជាការលើកទឹកចិត្ត ជម្រុញបន្ថែមក្នុងដំណើរហ្វឹកហាត់ដើម្បីត្រៀមដណ្តើមជ័យលាភីលើឆាកអន្តរជាតិ អ្នកឧកញ៉ា លាង ម៉េង ប្រកាសផ្តល់មាស ២ គីឡូ ដល់ក្រុមកីឡាករដែលដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។

វើក ជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម!

វើក បង្កើនថាមពលឥតឈប់ឈរ!

Most Popular

To Top