ប្រជាពលរដ្ឋ ៤៣០គ្រួសារ បង្ហាញសេចក្ដីរីករាយ នៅពេលទទួលបានទឹកស្អាតសម្រាប់បរិភោគ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាត ក្នុងគម្រោងទឹកជាស្នាមញញឹម របស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាខេត្តសៀមរាប ដែលប្រព្រឹតិ្តទៅនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចវត្តមេជ្រៃ ភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោក ស៊ិន ចាន់ថុល អភិបាល នៃគណៈអភិបាល ស្រុកពួក។
នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា សាខាខេត្តសៀមរាប ហៅកាត់ថា ចេ ស៊ី អាយ សៀមរាប សហការជាមួយ ចេ ស៊ី អាយ ប្រទេសជប៉ុន និងរដ្ឋបាលស្រុកពួក ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីសម្ភោធជាផ្លូវការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាត ក្នុងគម្រោង ទឹក ជាស្នាមញញឹម ។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ស៊ិន ចាន់ថុល អភិបាល នៃគណៈអភិបាលស្រុកពួក, លោក Yonezawa Atsushi ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប, លោក ស៊ុន ស៊ីហាក់ អនុប្រធានថ្នាក់ជាតិ នៃ ចេស៊ីអាយ កម្ពុជា, លោកស្រី យ៉ាណា ស្ប៉ាន ប្រធានថ្នាក់តំបន់ នៃចេស៊ីអាយ សៀមរាប, លោក Keita Sugawara អនុប្រធានថ្នាក់ជាតិ នៃចេស៊ីអាយ ប្រទេសជប៉ុន និងលោក Oizumi Wataru ប្រធានគណៈកម្មការកិច្ចការអភិវឌ្ឍនិរន្តរភាពអន្តរជាតិ នៃចេស៊ីអាយប្រទេសជប៉ុន។
ទឹក គឺជាស្នាមញញឹម (SMILE by WATER) គឺជាគម្រោងសហគមន៍ ដែលបានផ្ដួចផ្ដើមគំនិតដោយ ចេ ស៊ី អាយ ជប៉ុន និងសហការអនុវត្តគម្រោងដោយ ចេ ស៊ី អាយ កម្ពុជា សាខា ខេត្តសៀមរាប និងទទួលបានការគាំទ្រដោយអង្គការ ទឹក ដើម្បីកម្ពុជា (Water for Cambodia)។ គម្រោងនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការទទួលបានទឹកស្អាត សម្រាប់ប្រជាពលរដ្ឋនៅតំបន់ខ្វះទឹកស្អាត ស្របតាមគោលដៅទី ៦ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការ សហប្រជាជាតិ។ បន្ថែមពីនេះ ដើម្បីឱ្យគម្រោងទទួលបាននិរន្តរភាពយូរអង្វែង ចេ ស៊ី អាយ សៀមរាប បានធ្វើការសហការជាមួយក្រុមហ៊ុន Rokhak Women Handicraft ដើម្បីផ្ដល់ឱកាសការងារជាជំនាញត្បាញផលិតផលកំប្លោកទឹក និងជួយគាំទ្រដល់សិប្បករក្នុងការស្វែងរកទីផ្សារ។ នៅពេលសិប្បករទទួលបានប្រាក់ចំណូលពីការលក់ផលិតផលកំប្លោក នោះពួកគេអាចបរិច្ចាកវិភាគទានខ្លះសម្រាប់ទ្រទ្រង់ជួសជុល និងថែទាំងប្រព័ន្ធចម្រោះទឹកស្អាតនេះឱ្យមានភាពជាប់លាប់យូរអង្វែង។ បន្ថែមពីនោះ យើងបានបង្កើតឱ្យមានប្រព័ន្ធគៀងគរថវិកា ពីម្ចាស់អាជីវកម្មក្នុងខេត្តសៀមរាប ដើម្បីរក្សាទុកសម្រាប់ជួសជុល និងថែទាំងប្រព័ន្ធចម្រោះទឹកស្អាតសម្រាប់រយៈពេលវែង។ ឧទាហរណ៍ ម្ចាស់ហាងកាហ្វេរមួយកន្លែង នឹងបរិច្ចាក ០.០៥ សេន ក្នុងការលក់បានកាហ្វេ ឬភេសជ្ជៈ ០១ កែវ ចូលទៅក្នុងកញ្ចប់ប្រាក់បម្រុងសម្រាប់ជួសជុល និងថែទាំ។
គម្រោង ទឹក គឺជាស្នាមញញឹម ចាប់ផ្ដើមអនុវត្តពី ខែមករា ឆ្នាំ ២០២៥ ដល់ ខែធ្នូ ឆ្នាំ ២០២៥ សម្រាប់រយៈពេលខ្លី និងឆ្នាំ ២០២៥ ដល់ ឆ្នាំ ២០៣០ សម្រាប់រយៈពេលវែង ដែលផ្ដោតសំខាន់លើតំបន់គោលដៅទេសចរណ៍ដែលមានសក្ដានុពល ពោលគឺនៅតំបន់ទេសចរណ៍មេជ្រៃ ដែលជាគម្រោងសាកល្បង។
លោក Yusuke Inagaki អនុប្រធានគណៈកម្មការកិច្ចការអភិវឌ្ឍនិរន្តរភាពអន្តរជាតិ នៃចេស៊ីអាយប្រទេសជប៉ុន បានលើកឡើងថា “គម្រោង ទឹក ជាស្នាមញញឹម (SMILE by WATER) គឺជាគម្រោងមួយរបស់ ចេស៊ីអាយ ជប៉ុន ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៦ ដោយសហការជាមួយ ចេ ស៊ី អាយ សៀមរាប។ គម្រោងនេះបានអនុវត្តចំនួន ៤ ដងរួចមកហើយនៅប្រទេសកម្ពុជា ហើយក្នុងឆ្នាំ ២០២៥ នេះ ជាខួប ១០ឆ្នាំ នៃគម្រោងនេះរាប់ទាំងគម្រោងដែលបានអនុវត្តនៅបណ្ដាប្រទេសផ្សេៗ និងនៅសហគមន៍មេជ្រៃ ក្នុងខេត្តសៀមរាប។ គម្រោងនេះ មានការសហការជាមួយដៃគូជាច្រើន ហើយយើងអនុវត្តសកម្មភាពនានាបាន ដូចជា ការផ្តល់ទឹកសុវត្ថិភាព និងមានភាពទុកចិត្តដោយដំឡើងម៉ាស៊ីនបម្លែងទឹក និងបង្កើតការងារសម្រាប់ស្ត្រីតាមរយៈផលិតផលតម្បាញរុក្ខជាតិកំប្លោក។ ក្រៅពីនេះ យើងក៏បានដាក់ប្រអប់បរិច្ចាគផងដែរ ដើម្បីឲ្យគម្រោងអាចបន្តលាតសន្ធឹងទៅកាន់តំបន់ផ្សេងក្រៅពីសហគមន៍មេជ្រៃ ក្នុងឆ្នាំក្រោយ និងបន្តបន្ទាប់ទៀត។ ដូច្នេះ សូមបន្តជួយគាំទ្រយើងជានិច្ចផង!”
លោក មួត សុភ័ត្រា ជាអនុប្រធានប្រតិបត្តិថ្នាក់តំបន់ នៃចេស៊ីអាយ សៀមរាប និងជាប្រធានគម្រោងម្ចាស់ផ្ទះ នៃគម្រោង ទឹក ជាស្នាមញញឹម បានមានប្រសាសន៍ថា គម្រោងនេះ គឺជាក្ដីសង្ឃឹម សម្រាប់ប្រជាសហគមន៍ នៅភូមិពាមតាអួរ ដែលបានរងការខ្វះខាតទឹកស្អាតប្រើប្រាស់ជាច្រើនឆ្នាំ។ ចេ ស៊ី អាយ សៀមរាប នឹងព្យាយាមប្រឹងប្រែងស្វែងរកមធ្យោបាយ ដើម្បីធានាដល់ការគ្រប់គ្រងការប្រើប្រាស់ទឹកស្អាតនេះ ប្រកបដោយនិរន្តរភាព ហើយលោកសង្ឃឹម យ៉ាងមុតម៉ាំថា គម្រោងនេះ ក៏ដូចជា ចេ ស៊ី អាយ ទាំងមូល នឹងក្លាយទៅជាចំណែកដ៏សំខាន់តូចមួយក្នុងការចូលរួម ជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាមូលដ្ឋាន និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីឱ្យប្រទេសកម្ពុជាឈានឆ្ពោះទៅរកប្រទេសដែលមានជីវភាពកម្រិតមធ្យម និងកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ចេ ស៊ី អាយ គឺជាសមាគមអភិវឌ្ឍភាពជាអ្នកដឹកនាំមួយ ដែលធ្វើការផ្ដល់ឱកាសដល់យុវជនក្នុងការបង្កើតឱ្យមានផលជះជាវិជ្ជមាននៅក្នុងសហគមន៍ តាមរយៈការប្រមូលផ្ដុំគ្នាផ្ដួចផ្ដើមគំនិត និងធ្វើសកម្មភាពដោះស្រាយបញ្ហាមូលដ្ឋាននៅក្នុងសហគមន៍ ជាជាងការឈរមើលបញ្ហាដែលកំពុងកើតឡើង។ តាមរយៈនេះ ចេ ស៊ី អាយ បានបង្កើតអ្នកដឹកនាំវ័យក្មេងជាច្រើនជារៀងរាល់ឆ្នាំ ព្រោះតាមរយៈការធ្វើការងារសហគមន៍ ពួកគេអាចរៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេសទទួលបានបទពិសោធន៍ក្នុងការដឹកនាំជាក់ស្ដែង។
ចេ ស៊ី អាយ សៀមរាប លើកទឹកចិត្តដល់សាធារណៈជន ចូលរួមគាំទ្រការខិតខំប្រឹប្រែងបន្តទៀត ដើម្បីលើកកម្ពស់ការទទួលបានទឹកស្អាតប្រកបដោយនិរន្តរភាពនៅតំបន់ជនបទ ទូទាំងប្រទេសកម្ពុជា។ សូមទាក់ទងតាមរយៈអ៊ីម៉ែល jcisiemreap@gmail.com ឬទូរសព្ទលេខ ០៩២ ៧៦ ៥០ ៧៦។






























