កំណត់ត្រាមិនធ្លាប់មាន ២ដងផ្សេងៗគ្នាជាមួយក្រុមពីធីករកីឡាកម្ពុជា ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍ “យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវីត “ឧបត្ថម្ភធំដោយ ទឹកពិសា ហាយ ធិច
ថ្មីៗនេះ កាលពីថ្ងៃទី១៩–២០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា គាំទ្រដោយ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ «យើងបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្ស» ដោយមានការអញ្ជើញចូលរួមវត្ដមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រពឹត្តឡើងនៅសួនច្បារខាងជើងព្រះអង្គចេក ព្រះអង្គចម ក្នុងខេត្តសៀមរាប ទទួលបានការគាំទ្រ និងចូលរួមពីសំណាក់បងប្អូនប្រជាជននៅក្នុងខេត្តសៀមរាបយ៉ាងច្រើនកោះករ។
សូមបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនេះបានបំបែកកំណត់ត្រាមិនធ្លាប់មាន ២ដងផ្សេងៗគ្នា គឺទី១នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈ ២០២៥ ទទួលបានចំនួន ១,២៥៧សាក់ និងទី២ នៅខេត្តសៀមរាប នៅថ្ងៃទី១៩–២០ ខែមិថុនា ឆ្នាំ២០២៥ ទទួលបានចំនួន ១,៥៥៥សាក់ ដែលត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប សហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារពិធីករកីឡាកម្ពុជា។
លើសពីការបរិច្ចាគឈាម គឺជាការចូលរួមបង្កើតទម្លាប់ល្អ និងវប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជំរុញ និងលើកកម្ពស់ឱ្យយុវជន ក៏ដូចជាពលរដ្ឋទូទាំងប្រទេស ព្រោះការបរិច្ចាគឈាមប្រៀបដូចជាការផ្តល់ជីវិតឱ្យអ្នកដទៃបានរស់បន្តទៀត ហើយការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពនោះទេ។
ក្រៅពីកម្មវិធីការបរិច្ចាគឈាម នៅក្នុងថ្ងៃទី២០ មិថុនា ឆ្នាំ២០២៥ ក៏មានកម្មវិធីប្រកួតទាត់បាល់មិត្តភាព រវាងក្រុមបាល់ទាត់រដ្ឋបាលខេត្តសៀមរាប ជាមួយក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា នៅកីឡដ្ឋាន SRU ខេត្ដសៀមរាប។ ឯកឧត្តម ហ៊ុន ម៉ានី មានចូលរួមប្រកួតផងដែរ ក្នុងនាមជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ការប្រកួតបាល់ទាត់នេះ រៀបចំឡើងដើម្បីលើកកម្ពស់សុខភាព រឹតចំណងមិត្តភាព និងសាមគ្គីភាព ហើយលទ្ធផលក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា យកឈ្នះទៅលើក្រុមបាល់ទាត់រដ្ឋបាលខេត្តសៀមរាប៕















