លេងឈុតធំហើយ ក្រុមហ៊ុន ជីប ម៉ុង ប្រកាសវិនិយោគទុន ១០០ លានដុល្លារ ពង្រីកវិសាលភាពលើវិស័យអប់រំលំដាប់ថ្នាក់អន្តរជាតិ នៅកម្ពុជា – iCAN British International School
ភ្នំពេញ 17 តុលា 2025៖ កម្មវិធីប្រកាសរបស់ ក្រុមហ៊ុន ជីប ម៉ុង លើការបោះទុនវិនិយោគ ១០០ លានដុល្លារ លើការពង្រីកវិសាលភាពវិស័យអប់រំលំដាប់ថ្នាក់អន្តរជាតិនៅកម្ពុជា ជាមួយសាលាអន្តរជាតិ iCAN British International School ក្រោមវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ជីប ម៉ុង និង សាលាអន្តរជាតិ iCAN
សាលាអន្តរជាតិ iCAN British International School ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៤ ដែលផ្តោតសំខាន់ លើការអភិវឌ្ឍរបស់កុមារគ្រប់រូប រួមបញ្ចូលបរិយាកាសសិក្សា បច្ចេកវិទ្យាទំនើបជាមួយនឹងការបញ្ចូលគ្នានៃកម្មវិធីសិក្សាបឋមសិក្សាអន្តរជាតិ (IPC) ដែលជាកម្មវិធីសិក្សាជាតិពីប្រទេសអង់គ្លេស នឹងធានាថាកុមារទាំងអស់ នឹងទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់ ជាមួយជំនាញដ៏ច្បាស់លាស់។
គួរបញ្ជាក់ថា ក្រុម ហ៊ុន ជីប ម៉ុង បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកម្មវិធី និងសកម្មភាពផ្តួចផ្តើមដែលទាក់ទងទៅនឹងវិស័យអប់រំ ដូចជាការបរិច្ចាគវិភាគទាន ដល់សមាគមនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅកាត់ (AMK) ក៏ដូចជា ការឧបត្ថម្ភដល់និស្សិតឆ្នើមនៃសាកលវិទ្យាល័យតិចណូ ដើម្បីចូលរួមកម្មវិធី ABU Robocon ឆ្នាំ 2025 នៅប្រទេសម៉ុងហ្គោលី និង ការផ្តល់ជូននូវ Tablet ដល់សិស្សវិទ្យាល័យដែលទទួលបាននិទេ្ទស A ពីការប្រឡងប៉ាក់ឌុប ទាំងអស់ចាប់តាំងពីឆ្នាំ 2018 រហូតមកដល់ពេលនេះ។
ការបោះជំហាន វិនិយោគថ្មីបន្ថែមទៀត លើវិស័យអប់រំ ក្រុមហ៊ុន ជីប ម៉ុង បានកំណត់ចក្ខុវិស័យរយៈពេលវែង ក្នុងការចូលរួមពង្រីកស្តង់ដារនៃការអប់រំប្រកបដោយគុណភាពខ្ពស់ ជូនទៅកុមារកម្ពុជា ហើយនេះក៏ជាជំហានថ្មី ដ៏សំខាន់ និងមានអត្ថន័យ ក្នុងការវិនិយោគលើវិស័យអប់រំ ដើម្បីផ្តល់នូវស្តង់ដារការអប់រំ គុណភាព លំដាប់អន្តរជាតិ តាមរយៈការវិនិយោគ ជាមួយសាលាអន្តរជាតិ iCAN British International School.
ក្នុងនោះផងដែរ អ្នកឧកញ៉ា លាង ហួង (Henry) អគ្គនាយកពហុពាណិកម្មក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាបុត្រសម្ព័ន្ធអាជីវកម្មដ៏លេចធ្លោមួយរបស់ក្រុមហ៊ុន ជីប ម៉ុង បានបង្ហើបថា- iCAN British International School នឹងធ្វើការពង្រីកវិសាលភាពរបស់ខ្លួន ចូលទៅដល់គម្រោងលំនៅដ្ឋានល្បីៗជាច្រើនរបស់ ក្រុមហ៊ុន ជីប ម៉ុង លែន រួមទាំង លំនៅដ្ឋានទំនើបថ្មី ហ្រ្គែនលែនម៉ាក 271 ដែលជាគម្រោងគម្រោងកណ្តាលទីក្រុងដ៏ធំជាងគេ ដែលទើបប្រកាសបើកលក់កាលពីថ្មីៗនេះ។
គួររំលឹកផងដែរថា រយៈពេលជាង 40 ឆ្នាំមកនេះ ក្រុមហ៊ុន ជីប ម៉ុង បានពង្រីក និងវិនិយោគពហុពាណិជ្ជរបស់ខ្លួនអោយមានភាពចម្រុះ និងសម្បូរបែប។ មកទល់នាពេលនេះ ក្រុមហ៊ុន ជីប ម៉ុង មានក្រុមហ៊ុនអាជីវកម្ម ចំនួន 14 នៅក្នុង ឧស្សាហកម្មសំខាន់ៗ រួមមាន៖ ឧស្សាហកម្មភេសជ្ជៈ សម្ភារៈសំណង់ ផលិតផលប្រើប្រាស់ ធនាគារ អភិវឌ្ឃន៍អចលនទ្រព្យ បដិសណ្ឋារកិច្ច និងរមណីយដ្ឋានវាយកូនហ្គោល ជាដើម។

























