បរទេស៖ ប្រភពការពារជាតិមួយ បាននិយាយនៅពេលថ្មីៗនេះថា ក្រុមកងកម្លាំងពិសេស មានសមាជិក៤៥នាក់ មកពីកងទ័ពនៃប្រទេសឥណ្ឌា ទើបបានចាប់ផ្តើម សហសមយុទ្ធយោធា មានរយៈពេល១៥ថ្ងៃមួយ ជាមួយកងកម្លាំងពិសេស សហរដ្ឋអាមេរិក នៅក្នុងទីក្រុង Seattle។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតឥណ្ឌាប្រចាំនៅសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់យ៉ាងដូច្នេះថា “សមយុទ្ធយោធាទ្វេភាគី និងការដោះដូរបទពិសោធន៍ការពារជាតិនេះ គឺជាលក្ខណៈដ៏សំខាន់មួយ នៃសហប្រតិបត្តិការ ការពារជាតិទ្វេភាគី ដ៏ស៊ីជម្រៅ រវាងប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក”។
គួរបញ្ជាក់ថា សមយុទ្ធយោធា ឈ្មោះ “Vajra Prahar“ នេះបានចាប់ផ្តើមឡើង នៅមូលដ្ឋានយោធា Lewis-McChord នាថ្ងៃទី១៤ ខែតុលា ហើយនេះ គឺជាសមយុទ្ធយោធា លើកទី១០ ដែលត្រូវបានធ្វើឡើង រវាងឥណ្ឌា និងសហរដ្ឋអាមេរិក ដើម្បីចែករំលែកគ្នា នូវការហ្វឹកហាត់និងបទពិសោធន៍ ដ៏ល្អបំផុត នៅក្នុងចំណុចនានា ដូចជាសមត្ថភាពរៀបចំផែនការ បេសកកម្មរួម និងយុទ្ធសាស្ត្រប្រតិបត្តិការជាដើម៕
ប្រែសម្រួល៖ប៉ាង កុង