បរទេស៖ គម្រោងមួយក្នុងចំណោម គម្រោងដ៏អស្ចារ្យ និងចម្រូងចម្រាស់បំផុតមួយរបស់ គម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ សាធារណរដ្ឋប្រជាមានិតចិន គឺជាការអភិវឌ្ឍទីក្រុងដ៏ធំមួយ ដែល កំពុងកើនឡើងនៅក្នុង តំបន់ដាច់ស្រយាលមួយនៅតាមបណ្តោយដងទន្លេ Moei នៅផ្នែកជាប់ព្រំដែន រវាងប្រទេស មីយ៉ាន់ម៉ា ជាមួយប្រទេសថៃ។ ជាមួយនឹងការសន្យានៃ ការងារក្នុងស្រុក និងលំហូរចំណូល ថេរពីភ្ញៀវទេសចរ អ្នកដឹកនាំគម្រោងនេះ ចាត់ទុកជាតំបន់ដែលមាន សក្តានុពលខ្លាំង សម្រាប់តំបន់ដែលត្រូវការសាច់ប្រាក់ខ្លាំង។
យោងតាមសារព័ត៌មាន IPDForum ចេញផ្សាយ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្នកជំនួញក្នុងស្រុកនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ បានមើលឃើញថា កម្លាំងពលកម្មដែលនាំចូលកំពុងបង្អាក់ ការងារ ដែលបានសន្យា ហើយថា គម្រោងនេះអាចគំរាមកំហែងដល់លទ្ធភាព ជោគជ័យ នៃអាជីវកម្មដែលបានបង្កើតឡើង នៅសងខាងទន្លេ។
គម្រោងដែលមានទឹកប្រាក់ ១៥ ពាន់លានដុល្លារអាមេរិក ដែលត្រូវ បានហៅដោយ ប្រជាជនក្នុងស្រុកថា “ គុកកូ” ឬ “Chinatown” ត្រូវបានដាក់ឱ្យដំណើរការ កាលពីខែមេសា ឆ្នាំ ២០១៧ ហើយកំពុងស្ថិត ក្នុងការសាងសង់នៅឡើយ។ វានឹងរួមបញ្ចូលទាំងគេហដ្ឋានប្រណីត សណ្ឋាគារ រោងចក្រ ផ្សារទំនើប ទីលានវាយកូនហ្គោល កាស៊ីណូ និងអាកាសយានដ្ឋាន។ នេះបើយោងតាមរបាយការណ៍ ក្នុងកាសែត បាងកកប៉ុស្តិ៍។
ព្រំប្រទល់ និងគម្រោង ត្រូវបានគ្រប់គ្រង ដោយ វរសេនីយ៍ឯក Saw Chit Thu ដែលជាមេបញ្ជាការជាន់ខ្ពស់ជនជាតិ ភាគតិចការ៉ែនក្នុងតំបន់ ដែលបាន ឈានដល់កិច្ចព្រមព្រៀង សន្តិភាពជាមួយយោធាភូមា និងបានផ្លាស់ប្តូរអង្គភាពប្រដាប់អាវុធរបស់គាត់ទៅជាមន្រ្តីកងការពារព្រំដែន (BGF) ដែលត្រូវបាន ទទួលស្គាល់ជាផ្លូវការ ក្នុងឆ្នាំ ២០១០ ។ ប្រាក់វិនិយោគបានមកពីក្រុមហ៊ុន Jilin Yatai International Holding Group របស់ប្រទេសចិន។ នេះបើយោងតាមរបាយការណ៍ មួយ នៅក្នុងកាសែត Frontier Myanmarmagazine.Chit Thu ហើយក្រុមហ៊ុនចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូកាលពីខែកញ្ញាឆ្នាំ ២០១៨ ។
ខណៈដែលចំនួនកម្មករចិន ដែលត្រូវបាននាំចូលមកសាងសង់ គម្រោងដែលមានទំហំ ៧២.៨៤៣ ហិកតា គឺជាការសម្ងាត់ដែលត្រូវ បានការពារយ៉ាងដិតដល់, ប្រជាជនក្នុងតំបន់ បាននិយាយថា ពួកគេកំពុងត្រូវបាន បដិសេធចំពោះការងារដែលបានសន្យា។ អ្នកខ្លះទៀតបាននិយាយថា ពួកគេ (ប្រជាជនមីយ៉ាន់ម៉ា) មានអារម្មណ៍តានតឹងជាមួយនឹងប្រជាជនចិនដ៏ច្រើន នៅក្នុងទីក្រុងរបស់ពួកគេ ហើយពួកគេបារម្ភថា កិច្ចប្រឹងប្រែងមួយដើម្បីសាង សង់កាស៊ីណូ និងកន្លែងកម្សាន្តពេលយប់ អាចមានឥទ្ធិពលអាក្រក់ទៅលើកូន ៗ របស់ពួកគេ។ នេះបើតាមរបាយការណ៍ពី Frontier Myanmar ។
លោក Saw Thar Si Htoo ដែលរស់នៅក្នុងភូមិ Shwe Kokko បានប្រាប់ទស្សនាវដ្តីថា អ្នកភូមិមិនបានទទួល ការងារធ្វើទេ។ លោកបានមានប្រសាសន៍ថា « BGF បាននិយាយថា គម្រោងនេះនឹងផ្តល់ឱកាស ការងារ ប៉ុន្តែមិនមានការងារ សម្រាប់យើងទេ ទោះបីជាគម្រោងនេះបានចាប់ផ្តើម ជាងពីរឆ្នាំកន្លងមកក៏ដោយ»។
អ្នកស្រុកក៏អាក់អន់ចិត្តចំពោះរបៀប ដែល BGF បានផ្តល់សំណងសម្រាប់ដីរបស់ពួកគេ។ អ្នកស្រុកម្នាក់ឈ្មោះ Saw Eh Soe បាននិយាយថា អ្នកតំណាងយ៉ាតៃ មិនបានជួបអ្នកស្រុកមុនពេលចាប់ ផ្តើមការងារទេ ប៉ុន្តែ BGF បានបង់ឱ្យពួកគេប្រហែល ១.៦០០ ដុល្លារអាមេរិកក្នុងមួយហិចតា។ យោងតាមទស្សនាវដ្តីនេះ លោក Eh Soe បានមានប្រសាសន៍ថា «យើងបានទាមទារថ្លៃដីចំនួន ៤.៨០០ ដុល្លារក្នុងមួយហិកតា ប៉ុន្តែពួកគេនឹងមិនចរចាទេ” ។
ភូមិនៅក្នុងប្រទេសមីយ៉ាន់ម៉ា (ភូមា) ជាប់នឹងប្រទេសថៃ ដោយស្ពានមិត្តភាពមួយឆ្លង កាត់ទន្លេ ដូច្នេះ គម្រោងបង្កើតទីក្រុង មានសារៈសំខាន់ជាយុទ្ធសាស្រ្តចំពោះគម្រោងខ្សែក្រវាត់មួយ ផ្លូវមួយ ខ្សែរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ដែលមានទំហំទឹកប្រាក់ចំនួន ១ ទ្រីលានដុល្លារ ដើម្បីភ្ជាប់ប្រទេសចិនជាមួយតំបន់ផ្សេងទៀត។ ក្នុងករណីគម្រោង Shwe Kokko ទោះយ៉ាងណា អ្នកស្រុកថៃមួយចំនួន ដែលនៅជិតខាង មានការព្រួយបារម្ភរួចហើយ។
កាសែតបាងកកប៉ុស្តិ៍ បានផ្សាយថា ប្រតិបត្តិករអាជីវកម្មក្នុងស្រុកនៅក្នុងខេត្ត តាក នៃប្រទេសថៃ យល់ឃើញថា វត្តមានរបស់ក្រុមវិនិយោគិនចិន គឺជាការគំរាមកំហែងដល់ពាណិជ្ជកម្ម តាមព្រំដែន ពីព្រោះពួកគេខ្លាចចិនគ្របដណ្តប់លើពាណិជ្ជកម្ម ការវិនិយោគ និងការបង្កើតអាជីវកម្មនៅក្នុងតំបន់។ ទីប្រឹក្សាសភាពាណិជ្ជកម្មខេត្តតាក បានពណ៌នាគំរោងក្រុងថ្មី Chinatown របស់ចិនថា គួរអោយខ្លាចខ្លាំង ដោយកត់សំគាល់ថា ប្រជាជនពី ៧ ម៉ឺនទៅ ៨ម៉ឺននាក់ ដែលកំពុងរស់នៅក្នុងស្រុក Mae Sot នៃប្រទេសថៃ នឹងត្រូវលិចលង់ដោយសារជនជាតិ ចិនចំនួន ៤០០.០០០ នាក់ដែលរំពឹងថា នឹងធ្វើចំណាកស្រុកទៅកាន់គម្រោងបង្កើតក្រុង Shwe Kokko នៅក្នុងប្រទេសភូមា។
លោកស្រី Phakhaphon Likhitpratkun អ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Zhong Xingtai Pattana Co នៅស្រុក Mae Sot បានប្រាប់កាសែត Bangkok Post ថា លោកស្រីមានការភ័យខ្លាចស្រដៀងគ្នា នេះដែរ។ លោកស្រីថា « មានតែវិស័យទេសចរណ៍ទេ ដែលអាចរស់រានពីការរអាក់រអួលនេះ ពីព្រោះវាជាតំបន់តែមួយគត់ ដែលក្រុមអ្នកវិនិយោគចិន និងវិស័យជំនួញខេត្តតាក អាចធ្វើការជាមួយគ្នា៕ប្រែសម្រួលៈ ដើមអម្ពិល