បរទេស៖ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសថា ក្រសួងការបរទេសសហរដ្ឋអាមេរិក ទើបបានអនុម័តយល់ព្រមលក់ឧទ្ធម្ភាគចក្រយោធា UH-60M Black Hawk ចំនួនពីរគ្រឿង ឲ្យដល់ប្រទេសក្រូអាត។
តាមប្រភពព័ត៌មានមួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា កិច្ចព្រមព្រៀង ដែលរួមបញ្ចូលទាំងម៉ាស៊ីនបន្លាស់ ឧបករណ៍វិទ្យុ អាវុធ និងការបង្វឹកបង្ហាត់នោះ គឺមានតម្លៃជាទឹកប្រាក់១១៥លានដុល្លារអាមេរិក ហើយនៅតម្រូវឲ្យមានការអនុម័តយល់ព្រម ពីរដ្ឋសភាអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក បាននិយាយថា ឧទ្ធម្ភាគចក្រយោធាទាំងនេះ នឹងអនុញ្ញាតឲ្យប្រទេសក្រូអាតបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការផ្តល់សន្តិសុខព្រំដែន ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការជួយសង្គ្រោះ ការលើកស្ទួយផ្នែកវេជ្ជសាស្ត្រ ការដឹកជញ្ជូន និងគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធ៕ ប្រែសម្រួល៖ប៉ាង កុង