ព្រឹត្តិការណ៍

មន្ទីរបញ្ចកោណ៖ ក្រុមរដ្ឋឥស្លាមជ្រុលនិយមនៅតែជាគ្រោះថ្នាក់ បើទោះជាមេដឹកនាំក្រុមនេះស្លាប់ក៏ដោយ

បរទេស៖ក្រោយពេលតិចជាងមួយសប្ដាហ៍ បន្ទាប់ពីមេដឹកនាំក្រុមរដ្ឋឥស្លាមជ្រុលនិយម លោក Abu Bakr al-Baghdadi បានស្លាប់នៅក្នុងអំឡុងប្រតិបត្តិការវាយឆ្មក់សម្ងាត់របស់កងកម្លាំងអាមេរិក ទៅលើទីតាំងមួយក្នុងប្រទេសស៊ីរីភាគពាយព្យ នាយឧត្តមសេនីយ៍សហរដ្ឋអាមេរិកមួយរូប បាននិយាយថា បើទៅជាមេដឹកនាំរូបនោះស្លាប់ហើយក៏ដោយ ក៏អង្គការភេរវកម្មនេះ នៅតែជាគ្រោះថ្នាក់។


នាយឧត្តមសេនីយ៍ លោក Kenneth McKenzie Jr. ជាមេបញ្ជាការនៃប្រតិបត្តិការវាយប្រហារ លើទីតាំងដែលលោក Baghdadi លាក់ខ្លួនក្នុងរូងក្រោមដីនៅខេត្ត Idlib ចម្ងាយប្រមាណ៤ម៉ាយ ពីព្រំដែនតួកគី បាននិយាយថា លោករំពឹងថា ក្រុមរដ្ឋឥស្លាមជ្រុលនិយម នឹងរងឥទ្ធិពលពីការស្លាប់មេដឹកនាំខ្លួន ដោយនឹងត្រូវប្រើពេលវេលាបង្កើតថ្នាក់ដឹកនាំកំពូលរបស់អង្គការសារជាថ្មីឡើងវិញ ប៉ុន្តែវាមិនត្រូវបានកម្ទេចចោលទាំងស្រុងទេ។


យោងតាមសេចក្តីរាយការណ៍ពីកាសែត UPI បានឲ្យដឹងថា នាយឧត្តមសេនីយ៍សហរដ្ឋអាមេរិករូបនេះ បានបញ្ជាក់ដូច្នេះនៅក្នុងសន្និសីទកាសែតថា “ពួកគេនឹងជាគ្រោះថ្នាក់ យើងសង្ស័យថា ពួកគេនឹងសាកល្បងវាយប្រហារសងសឹកតាមទម្រង់ខ្លះ ហើយយើងក៏មានគោលជំហរនិងត្រៀមជាស្រេចសម្រាប់រឿងបែបនោះ”៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top