បរទេស៖កងទ័ពថ្មើរជើងនិងរថយន្តពាសដែកសហរដ្ឋអាមេរិក បានធ្វើដំណើរចូលទៅក្នុងប្រទេសស៊ីរីភាគខាងកើត ជាផ្នែកមួយនៃបេសកកម្មប្រយុទ្ធនឹងក្រុមរដ្ឋឥស្លាមជ្រុលនិយម និងដើម្បីការពារទីតាំងប្រេង មិនឲ្យធ្លាក់ចូលទៅក្នុងដៃរបស់ក្រុមរដ្ឋឥស្លាមជ្រុលនិយមទាំងនោះ។
លោក Myles Caggins ជាមន្ត្រីនាំពាក្យឲ្យកងកម្លាំងបេសកកម្មដឹកនាំដោយសហរដ្ឋអាមេរិកផ្តួលរំលំពី IS នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី បាននិយាយថា កងកម្លាំង កំពុងត្រូវបានគេបញ្ជូនជាថ្មី ទៅកាន់ទីក្រុង Deir ez-Zor ស្ថិតនៅក្នុងប្រទេសស៊ីរីភាគខាងកើត គាំទ្រដល់កងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយពួកឃឺដ ដើម្បីផ្តួលរំលំពួកឥស្លាមជ្រុលនិយមនៅសេសសល់ ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងទប់ស្កាត់ពួកឥស្លាមមិនឲ្យទទួលបានប្រភពចំណូល។

គួរបញ្ជាក់ថា ការបញ្ជូនកងទ័ពអាមេរិក ចូលទៅក្នុងប្រទេសស៊ីរីនេះ គឺត្រូវបានធ្វើឡើង ក្រោយពេលមួយសប្ដាហ៍ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បានមានប្រសាសន៍ថា កំពុងតែពិចារណាបន្សល់ទុកកងទ័ពក្នុងប្រទេសស៊ីរី ដើម្បីការពារទីតាំងប្រេង ស្របពេលដកកងទ័ពអាមេរិក ពីប្រទេសនេះ ទៅតាមបទបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ៕ ប្រែសម្រួល៖ប៉ាង កុង
