រដ្ឋាភិបាលថៃ បានបើកទ្វាររូងភ្នំថាំហ្លួងដែលក្មេងៗក្រុមបាល់ទាត់ ១២ជាប់ក្នុងនោះឡើងវិញ ក្រោយជួយសង្គ្រោះពួកគេចេញដោយជោគជ័យកាលពីឆ្នាំមុន។

រូងភ្នំថាំហ្លួង បានបិទទ្វារមិនឲ្យភ្ញៀវចូលទស្សនាតទៅទៀត ក្រោយពេលដែលក្រុមបាល់ទាត់ជ្រូកព្រៃ ត្រូវបានជួយសង្គ្រោះឲ្យចេញមកវិញដោយរស់រានមានជីវិត បន្ទាប់ពីជាប់ក្នុងនោះអស់រយៈពេលជិត ៣សប្ដាហ៍។ យោងតាមអាជ្ញាធរក្នុងតំបន់ ឲ្យដឹងថារូងភ្នំស្ថិតនៅក្នុងខេត្តឈៀងរ៉ៃនេះ ត្រូវបានបើកឡើងវិញកាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយបានទាក់ទាញភ្ញៀវទេសចររហូតដល់ជាង ២ ០០០នាក់មកទស្សនាក្នុងមួយថ្ងៃៗ។ យ៉ាងណាមិញ ការបើករូងភ្នំឡើងវិញនេះ ភ្ញៀវទេសចរអាចចូលមើលត្រឹមតែច្រកចូល និងផ្នែកទីមួយនៃរូងភ្នំប៉ុណ្ណោះ។ អាជ្ញាធរកំពុងគិតគូរពីការបើកឲ្យចូលទៅដល់កន្លែងដែលក្មេងៗជាប់ក្នុងរូងភ្នំ ក្រោយពេលដែលធ្វើការសិក្សាពីសុវត្ថិភាពរួចរាល់។

ជាមួយគ្នាដែរ ក្រុមមន្រ្តី បានអនុញ្ញាតឱ្យមនុស្សចំនួន ២០ នាក់ក្នុងម្ដងដើម្បីចូលទស្សនារូងភ្នំ ដែលនឹងត្រូវបើកឱ្យភ្ញៀវទេសចរចូលទស្សនាចាប់ពីម៉ោង ៨:៣០នាទីព្រឹក ដល់ ១៦:៣០ នាទីល្ងាច នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕


ប្រភព៖Sabay
