បរទេស៖ក្រសួងការពារជាតិសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានធ្វើការប្រកាសនូវសំណើដំបូងមួយ ដែលបានស្នើសុំបំពាក់ឲ្យមូលដ្ឋានយោធាចំនួន៤កន្លែង នូវបច្ចេកវិទ្យាចល័ត 5G ទ្រង់ទ្រាយធំ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត UPI។
មន្ទីរបញ្ចកោណ បានធ្វើការប្រកាសប្រាប់ នូវមូលដ្ឋានយោធា ដែលនឹងត្រូវយកមកធ្វើតេស្តនិងពិសោធន៍បណ្ដាញ 5G ដំបូងបំផុតនោះ កាលពីសប្ដាហ៍មុនថា មូលដ្ឋានយោធាចម្រុះ Lewis-McChord នៅទីក្រុងវ៉ាស៊ីនតោន មូលដ្ឋានកងទ័ពអាកាស Hill នៅរដ្ឋយូថាហ៍ មូលដ្ឋានទ័ពជើងទឹក San Diego នៅរដ្ឋកាលីហ្វូញ៉ា និងមូលដ្ឋានដឹកជញ្ជូនរបស់កងកម្លាំងម៉ារីន នៅរដ្ឋ Georgia ត្រូវបានជ្រើសរើសហើយ។
គួរបញ្ជាក់ថា បណ្ដាញ 5G ឬក៏បណ្ដាញអ៊ីនធឺណេតជំនាន់ទី៥ ត្រូវបានគេចាត់ទុកថា ជាទម្រង់មួយសម្រាប់ការឆ្នៃប្រឌិតបង្កើតឡើង ធ្វើឲ្យកាន់តែប្រសើរនូវបណ្ដាញអ៊ីនធឺណេតចល័តនាពេលបច្ចុប្បន្ន និងពង្រីកបណ្ដាញចល័តគាំទ្រឧបករណ៍និងសេវាកម្មចម្រុះយ៉ាងច្រើន ជាមួយនឹងការប្រសិទ្ធភាពនិងការចំណាយ៕ ប្រែសម្រួល៖ប៉ាង កុង