ព្រះសីហនុ៖ ជាថ្មីម្តងទៀត លោកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃ៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បាននាំសត្វពង្រូលមួយក្បាលទៀត ទៅព្រលែងនៅព្រៃ និងព្រែកធម្មជាតិ ដើម្បីអោយសត្វនេះ បានរស់រានមានជីវិតឡើងវិញ។
ក្នុងឱកាសនាំយក សត្វពង្រួល ទៅព្រលែងវិញនេះដែរ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា សត្វពង្រូលនេះមាន ទម្ងន់៩គីឡូក្រាម ប្រជាពលរដ្ឋចាប់បាន រួចនាំយកមកប្រគល់ជូនលោក ដើម្បីព្រលែងចូលទៅក្នុងព្រៃ និងព្រែកធម្មជាតិវិញ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថា ការដែលនាំយកសត្វពង្រូលនេះ មកជូនលោកឧកញ៉ា ដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វ និងលែងសត្វជាបន្តបន្ទាប់។
ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋ ដែលនាំយកសត្វពង្រូល មកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវ អោយពលរដ្ឋគ្រប់សហគមន៍ ចូលរួមជួយថែរក្សាការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់កុំសម្លាប់ និងថាការព្រលែងសត្វ អោយរស់រានមានជីវិតវិញ ក្រៅពីទទួលបាននូវបុណ្យកុសល ក៏បានរួមចំណែកជាមួយសង្គមជាតិ ក្នុងការថែរក្សាសត្វ និងបរិស្ថានធម្មជាតិផងដែរ៕