បរទេស៖ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរបស់លោកមានគម្រោងស្ថិតនៅក្នុងកិច្ចព្រមព្រៀងពហុភាគី ធ្វើឡើងក្នុងសម័យលោក អូបាម៉ា ដើម្បីទទួលបានការបន្ធូរបន្ថយ ពីបម្រាមនាំចូលអាវុធជាយូរមកហើយរបស់អង្គការសហប្រជាជាតិ ដែលនឹងត្រូវផុតកំណត់នៅឆ្នាំក្រោយនេះ។
នៅក្នុងអំឡុងធ្វើដំណើរទស្សនកិច្ចតាមខេត្ត នៅទីក្រុង Rafsanjan ក្នុងខេត្ត Kerman លោក រ៉ូហានី បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលធ្វើឡើងដោយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងប្រទេស៥ផ្សេងទៀតនោះ អនុញ្ញាតឲ្យដកចេញបម្រាមអាវុធ ប្រសិនបើប្រទេសអ៊ីរ៉ង់ នៅប្រកាន់ខ្ជាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែ។

“ប្រសិនបើយើងរក្សាកិច្ចព្រមព្រៀង JCPOA ឲ្យស្ថិតនៅជាធរមាន យើងនឹងបង្កើតនូវស្នាដៃនយោបាយនិងសន្តិសុខដ៏អស្ចារ្យ នៅចុងឆ្នាំនេះ។ ប្រទេសអ៊ីរ៉ង់ត្រូវបានអង្គការសហប្រជាជាតិហាមឃាត់ មិនឲ្យទិញអាវុធអស់រយៈពេលជាច្រើនឆ្នាំ តែផ្អែកលើកិច្ចព្រមព្រៀងនុយក្លេអ៊ែ ប្រសិនបើយើងរក្សាកិច្ចព្រមព្រៀងនោះ រហូតដល់ឆ្នាំក្រោយនោះ បម្រាមទិញអាវុធចំពោះប្រទេស នឹងត្រូវបានលើកលែក”៕ ប្រែសម្រួល៖ប៉ាង កុង
