បរទេស៖ប្រធានអគ្គសេនាធិការចម្រុះសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ Mark Milley តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា កងទ័ពសហរដ្ឋអាមេរិកមានចំនួនជាង៥០០នាក់ នឹងនៅតែមានវត្តមានប្រចាំក្នុងប្រទេសស៊ីរី បើទោះជាអាមេរិកមានផែនការដកកងទ័ពខ្លួនក៏ដោយ។
នៅក្នុងបទសម្ភាសន៍ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ដំបូងមួយ ចាប់តាំងពីលោកឡើងកាន់តំណែកនេះ នៅក្នុងខែកញ្ញាមក លោក បាននិយាយប្រាប់កម្មវិធី This Week របស់ទីភ្នាក់ងារសារព័ត៌មាន ABC News ថា វត្តមានយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី នឹងត្រូវបានកាត់បន្ថយ ប៉ុន្តែគោលដៅយោធាផ្តួលរំលំក្រុមរដ្ឋឥស្លាមជ្រុលនិយម នៅតែរក្សាដដែល។

នៅពេលត្រូវគេសួរអំពីការពង្រឹងកងទ័ព លោក Mark Milley បានឆ្លើយតបថា “សម្រាប់ជាការពិត នឹងនៅមានកងទ័ពតិចជាង១.០០០នាក់ ហើយប្រហែលជា៥០០នាក់ ឬក៏ប្រហែល ៦០០នាក់ ប៉ុន្តែវាគឺមានទំហំនោះ។ តែយើងនឹងមិនបញ្ជាក់ពីចំនួនជាក់លាក់ទេ ព្រោះនាពេលបច្ចុប្បន្ននេះ យើងនៅត្រូវឆ្លងកាត់ការវិភាគនៅឡើយ”៕ ប្រែសម្រួល៖ប៉ាង កុង
