វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងប្រើកិច្ចប្រជុំការពារជាតិកម្រិតខ្ពស់ជាបន្តបន្ទាប់ជាមួយកូរ៉េខាងត្បូង នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះដើម្បីបង្កើនសម្ពាធលើក្រុងសេអ៊ូល ឲ្យពិចារណាឡើងវិញនូវការសម្រេច ចិត្តរបស់ខ្លួនក្នុងការបញ្ចប់កិច្ចព្រមព្រៀងមួយ ដើម្បីចែករំលែកព័ត៌មានយោធាជាមួយប្រទេសជប៉ុន។
លោកឧត្តមសេនីយ៍ Mark Milley ប្រធានសេនាធិការចម្រុះសហរដ្ឋអាមេរិក (JCS) បានឲ្យដឹងថា គ្រោងនឹងទៅដល់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ រយៈពេល ១០ ថ្ងៃមុនកិច្ចព្រមព្រៀងសន្តិសុខព័ត៌មានទូទៅនៃយោធា (GSOMIA) រវាងទីក្រុងសេអ៊ូល និងតូក្យូ ផុតកំណត់នៅថ្ងៃទី២៣ ខែវិច្ឆិកា។
ប្រទេសកូរ៉េខាងត្បូង បានសម្រេចចិត្តបញ្ចប់កតិកាសញ្ញា ៣ ឆ្នាំជាការឆ្លើយតបទៅនឹងការទប់ស្កាត់ ការនាំចេញរបស់ជប៉ុន មកលើទីក្រុងសេអ៊ូល ចំពេលមានជម្លោះលើកម្លាំងពលកម្ម ក្នុងសម័យសង្គ្រាម។ សហរដ្ឋអាមេរិក ដែលចាត់ទុកកិច្ចព្រមព្រៀងនេះ ជាសសរស្តម្ភដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី ជាមួយសម្ព័ន្ធមិត្តអាស៊ីទាំងពីរ បានអំពាវនាវឱ្យមានការបន្តឡើងវិញ៕ដោយ ឈូក បូរ៉ា