ម៉ូតូមួយចំនួនមានកម្លាំងម៉ាស៊ីនមិនចាញ់រថយន្តនោះឡើយ ហើយតម្លៃវិញក៏ធម្មតាដែរ។ ជាក់ស្ដែងម៉ូតូមហាកម្លាំងចំនួន ១០ ខាងក្រោមនេះ គឺមានតម្លៃថ្លៃជាងគេបំផុតក្នុងលោក ៖
បញ្ជាក់ថាក្នុងបញ្ជីខាងក្រោមគិតតែចំពោះម៉ូតូដែលបានចេញលក់ និងកំពុងលក់លើទីផ្សារប៉ុណ្ណោះ
១០. Kawasaki Ninja H2R តម្លៃ ៥៥ ០០០ ដុល្លារ

ម៉ូតូម៉ូដែលនេះប្រើប្រាស់ម៉ាស៊ីន Supercharged ដែលមានកម្លាំងរហូតដល់ ៣២៦ សេះ។ ផលិតផលរបស់ក្រុមហ៊ុន Kawasaki នេះ មានបំពាក់ចង្កឹះលេខ MotoGP ៦ វគ្គ, មាន Race ECU និងមុខងារទំនើបៗជាច្រើនទៀត។
៩. MV Agusta F4 LH44 តម្លៃ ៦០ ០០០ ដុល្លារ

ម៉ូតូនេះមានទាំងកម្លាំង មានទាំងសម្រស់។ វាមានគ្រោងឆ្អឹងផលិតឡើងពីសារធាតុអាលុយមីញ៉ូម, មានស្រោបដោយស្បែកធម្មជាតិ ហើយម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ៩៩៨ សេសេ របស់វា អាចផលិតកម្លាំងបាន ២១២ សេះ។
៨. BMW HP4 តម្លៃ ៧៨ ០០០ ដុល្លារ

ក្រុមហ៊ុនអាល្លឺម៉ង់បានហៅម៉ូដែល HP4 នេះ ថាជាម៉ូតូ BMW ពិសេសដាច់គេបំផុត។ វាមានបញ្ចូលដោយបច្ចេកវិទ្យាទំនើប ប្រើប្រាស់វត្ថុធាតុដើមពិសេស បច្ចេកទេសនៃការផលិត និងមានការឌីហ្សាញទាក់ភ្នែក។ ម៉ាស៊ីនដែលផលិតដោយដៃរបស់ម៉ូតូនេះ មានកម្លាំង ២១៥ សេះ។
៧. Arch Method 143 តម្លៃ ៧៨ ០០០ ដុល្លារ

ម៉ូតូរបស់តារាសម្ដែង Keanu Reeves មួយនេះ មានបំពាក់ម៉ាស៊ីនកម្លាំងខ្លាំង V-Twin ដែលមានចំណុះ ២៣៤៣ សេសេ ផលិតកម្លាំងបាន ១៧០ សេះ។ តួខ្លួននៃម៉ូតូនេះ ផលិតនិងរចនាឡើងដោយដៃអ្នកជំនាញផ្ទាល់ ដែលបង្កើតបានជាម៉ូតូដ៏ប្លែកមួយ។
៥. MV Agusta F4 Claudio តម្លៃ ៨៣ ០០០ ដុល្លារ

ម៉ូតូដែលគេយកប្រើក្នុងកម្មវិធីប្រណាំង WorldSBK នេះ ប្រើម៉ាស៊ីនបញ្ចុះកម្ដៅដោយទឹក ចំណុះ ៩៩៨ សេសេ ដែលមានកម្លាំង ២០៥ សេះ វាមានប្រព័ន្ធបំពង់ស៊ីមាំង ២ និងប្រព័ន្ធអេឡិចត្រូចិក MVICS។ វាផលិតឡើងពីសារធាតុទីតាញ៉ូម, អាលុយមីញ៉ូមទម្ងន់ស្រាល និងគួបផ្សំដោយសារធាតុកាបូនមានទម្ងន់ស្រាល និងរឹងមាំខ្លាំង។
៥. Aprilia RSV4 FW-GP តម្លៃ ៨៣ ០០០ ដុល្លារ

ប្រភេទដែលផលិតចេញពី RSV4 ធម្មតានេះ មានម៉ាស៊ីនកម្លាំង ២៥៣ សេះ ដែលជាម៉ូតូប្រណាំងពិតៗមួយរបស់ MotoGP។ អតិថិជនដែលទិញម៉ូតូនេះ នឹងត្រូវក្រុមហ៊ុនអញ្ជើញឲ្យសាកល្បងម៉ូតូនៅទីលានប្រណាំងរបស់ Aprilia ហើយវិស្វកររបស់ក្រុមហ៊ុនអាចធ្វើការកែសម្រួលម៉ូតូនេះទៅតាមតម្រូវការរបស់អតិថិជន និងផ្ដល់ការណែនាំផ្សេងៗ។
៤. PGM 2.0 Liter V8 តម្លៃ ៩០ ០០០ ដុល្លារ

ម៉ូតូនេះប្រើម៉ាស៊ីន ៨ ស៊ីឡាំង ចំណុះ ១៩៦៦ សេសេ ដែលផលិតកម្លាំងបាន ៣៣៤ សេះ ជាម៉ូតូកម្លាំងខ្លាំងជាងគេក្នុងលោក។ វាប្រើប្រាស់បច្ចេកវិទ្យាបង្កើនល្បឿនអេឡិចត្រូនិក Ride-by-Wire ដែលបានមកពីចង្កឹះលេខ ៦ វគ្គ។
៣. Curtiss Motorcycles Warhawk តម្លៃ ១០៥ ០០០ ដុល្លារ

Warhawk មានបំពាក់នូវថាមពលរបស់ម៉ូតូបុរាណម៉ូដែល P51 ដែលជាម៉ូតូកើតនៅក្នុងសង្គ្រាមលោកលើកទីពីរ ក្នុងនោះរួមមានម៉ាស៊ីន ចង្កឹះលេខ និងតួខ្លួន។ ម៉ូតូនេះប្រើម៉ាស៊ីន ២១៦៣ សេសេ ប្រភេទ V-Twin ដែលមានកម្លាំង ១៥០ សេះ។
២. MTT 420RR តម្លៃ ២៤៥ ០០០ ដុល្លារ

ជាមួយល្បឿនអតិបរមា ៤៤២ គ/ម/ម៉ ម៉ូតូ MTT 420RR នេះគឺមានល្បឿនលឿនជាងគេក្នុងលោក ផលិតដោយក្រុមហ៊ុន Marin Turbine Technologies (MTT)។ម៉ូតូនេះបំពាក់នូវប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនរបស់ MTT ដែលអាចជួយត្រួតពិនិត្យកម្លាំង និងប្រេងឥន្ធនៈបានយ៉ាងល្អ។
១.Tamburini T12 Massimo តម្លៃ ១ លានដុល្លារ

ម៉ូតូស្ព័រនេះគឺជាស្នាដៃចុងក្រោយរបស់អ្នកឌីហ្សាញម៉ូតូល្បីឈ្មោះរបស់អ៊ីតាលីលោក Massimo Tamburini ដែលលោកធ្លាប់បានបង្កើតម៉ូតូជាច្រើនសម្រាប់ Cagiva, MV Augsta, Ducati និង Bimota។ ជាមួយទម្ងន់ ១៥៥ គីឡូក្រាម ម៉ូតូ T12 នេះ ជាម៉ូតូប្រណាំងដ៏មានទម្ងន់ស្រាលមួយក្នុងចំណោមម៉ូតូទម្ងន់ស្រាលដទៃទៀត៕
ប្រភព៖Sabay
