បរទេស៖រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Mark Esper តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់ថា សហរដ្ឋអាមេរិកមានគម្រោងរក្សាទុកកងទ័ពអាមេរិកចំនួនពី៥០០នាក់ទៅ៦០០នាក់ នៅលើទឹកដីនៃប្រទេសស៊ីរី និងថា អាមេរិកនឹងបន្តធ្វើជាដៃគូជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី។

នៅក្នុងអំឡុងពេលធ្វើដំណើរតាមយន្តហោះទៅកាន់ទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក លោករដ្ឋមន្ត្រី បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “យើងនឹងមានកងទ័ពចំនួន៥០០នាក់ទៅ៦០០នាក់ នៅទីនោះ នៅថ្ងៃចុងបញ្ចប់ ហើយយើងនៅតែចល័តកងទ័ពចេញពីប្រទេសស៊ីរីភាគឦសាន”។

គួរបញ្ជាក់ថា ចំនួននេះ គឺត្រូវគ្នានឹងសេចក្តីថ្លែងការណ៍មួយ ធ្វើឡើងដោយប្រធានអគ្គសេធិការចម្រុះ លោកឧត្តមសេនីយ៍ Mark Milley នៅដើមសប្ដាហ៍នេះ ដែលនិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន ABC News ថា វត្តមានយោធាអាមេរិក នៅក្នុងប្រទេសស៊ីរី នឹងត្រូវបានកាត់បន្ថយឲ្យនៅសល់តិចជាង១.០០០នាក់ គឺនៅប្រហែលជា៥០០ ឬក៏៦០០នាក់ប៉ុណ្ណោះ៕ ប្រែសម្រួល៖ប៉ាង កុង
