ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូ Motorrad Angkor Festival 2019 ដែលប្រព្រឹត្តទៅនៅលើទឹកដីអង្គរ ខេត្តសៀមរាប ជាប់ផ្លូវ៦០ម៉ែត្រ ទល់មុខសណ្ឋាគារសុខា នឹងធ្វើឡើងនៅថ្ងៃទី ៦ ដល់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩នាពេលខាងមុខនេះ លោក អ៊ុំ ប៊ុនរ៉េត ប្រធានក្លិប BMW Motorcycle Club Cambodia និងជាអ្នករៀបចំព្រឹត្តិការណ៍ ប្រណាំងម៉ូតូ Motorrad Angkor Festival 2019 បានថ្លែងឱ្យដឹងថា នឹងមានក្រុមម៉ូតូធំក្នុងស្រុកទាំងអស់ ជាមួយនឹងក្រុម Motorcycle Club មកពីប្រទេសជិតខាងនានា ចូលរួមជាង១ពាន់គ្រឿង ក្នុងនោះរួមមាន ក្រុមម៉ូតូមកពីប្រទេសថៃ វៀតណាម ឡាវ ម៉ាឡេស៊ី និងប្រទេសចិន ជាដើម។
លោក អ៊ុំ ប៊ុនរ៉េត ប្រធានក្លិប BMW Motorcycle Club Cambodia បានឲ្យដឹងក្នុងឱកាសរៀបចំដង្ហែរក្បួនក្រុមប្រណាំងម៉ូតូ Motorrad Angkor Festival 2019 នាមហាស្របកោះពេជ្រ នៅសៀលថ្ងៃទី១៦ ខែវិច្ឆិកានេះថា ការរៀបចំដង្ហែរក្បួននេះឡើងគឺដើម្បីគ្រើនរំលឹកដល់ក្រុមសមាជិក ទាំងអស់ ត្រៀមលក្ខណៈឲ្យបានរួចរាល់ ខណៈព្រឹត្តិការណ៍ប្រណាំងម៉ូតូ Motorrad Angkor Festival 2019 ខិតជិតមកដល់។
លោកបានបញ្ជាក់ថា ”តាមការប្រមើលមានក្រុមប្រណាំងម៉ូតូចូលរួម ប្រមាណជាង១ពាន់គ្រឿង ហើយមកដល់ថ្ងៃនេះមានការបញ្ជាក់ពីក្រុម Motorcycle Club បរទេសក្នុងតំបន់អាស៊ាន ក្នុងនោះរួមមានប្រទេសថៃ មាន២៥០គ្រឿង ,ប្រទេសវៀន១០០គ្រឿង ,ប្រទេសម៉ាឡេស៊ី ៣៥គ្រឿង ,ប្រទេសឡាវ២០គ្រឿង ហើយក៏មានការចូលរួមពី ក្រុមប្រណាំងម៉ូតូប្រទេស ចិនផងដែរ និងមានការចូលរួម ជាបន្តបន្ទាប់ទៀត”។
លោកបន្ថែមថា គោលដៅនៃព្រឹត្តិការណ៍នេះ គឺ ដើម្បីលើកកម្ពស់វិស័យកីឡាយានយន្ត ជាពិសេសម៉ូតូគ្រប់ប្រភេទ ដែលបានបង្កើតជាក្រុមចុះបញ្ជីឈ្មោះក្រោមសហព័ន្ធកីឡាយានយន្តកម្ពុជាក្តី មិនទាន់បានចុះឈ្មោះក្តី ដើម្បីផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ សិលធម៌ក្នុងការប្រើប្រាស់ផ្លូវថ្នល់ និងការចែករំលែកបទពិសោធន៍បច្ចេកទេសរវាងអ្នកចូលចិត្តម៉ូតូធំជាដើម។ ជាពិសេស ព្រឹត្តិការណ៍នេះ នឹងដើរតួនាទីសំខាន់ក្នុងការលើកស្ទួយវិស័យសណ្ឋាគារ និងផ្សព្វផ្សាយទេសចរណ៍នៅកម្ពុជា ទៅកាន់ប្រទេសនានាក្នុងតំបន់ ក៏ដូចជាក្នុងសកលលោក៕






















