ទឹកទន្លេមួយនៅតាមបណ្តោយព្រំដែនកូរ៉េ បានប្រែជាពណ៌ឈាមយ៉ាងអាថ៌កំបាំងដោយបង្កការមានការប្រកាសអាសន្ននិងនាំអោយអ្នកជំនាញប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ។តែក្រោយបានទៅដល់ទីតាំងកើតហេតុ ពួកអ្នកជំនាញបានសន្និដ្ឋានភ្លាមថា ការឡើងពណ៌ក្រហមនេះមកពីការសម្លាប់សត្វជ្រូកចោលទាំងរយទាំងពាន់ក្បាលនៅក្បែរនោះ។
សូមរំលឹកថា ក្នុងកិច្ចខិតខំទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺប៉េស្តជ្រូកអាហ្វ្រិក កូរ៉េខាងត្បូងបានសម្លាប់ចោលជ្រូក៤៧.០០០ក្បាល។ ការសម្លាប់ចោលសត្វជ្រូកទ្រង់ទ្រាយធំនេះត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍មុន ដោយខ្មោចជ្រូកទាំងឡានៗត្រូវបានដឹកទៅកប់នៅជាប់ព្រំដែន។ វីដេអូបង្ហោះដោយអង្គការបណ្តាញពលរដ្ឋតាមទន្លេអ៊ីមជីន បង្ហាញទឹកទន្លេត្រូវធ្វើអោយឡើងពណ៌ក្រហមដោយសារឈាមមកពីខ្មោចជ្រូក។
ទន្លេអ៊ីមជីន ជាទន្លេវែងជាគេទី៧នៅកូរ៉េខាងត្បូង និងហូរកាត់តំបន់គ្មានកងទ័ពតាមបណ្តោយព្រំដែនកូរ៉េខាងត្បូងខាងជើង។ យោងតាមអ្នកជំនាញការ ការធ្លាក់ភ្លៀងខ្លាំងបានបង្កការជន់លិចនិងនាំអោយហូរឈាមខ្មោចជ្រូករាប់ពាន់ពីតំបន់ព្រំដែនចូលក្នុងទន្លេខាងលើ។ ការរកឃើញមូលហេតុដែលនាំអោយទឹកទន្លេឡើងក្រហមនេះ នាំអោយមានការព្រួយបារម្ភអំពីសុខភាពរបស់ប្រជាជនរស់តាមទន្លេ តែកន្លងមកប៉េស្តជ្រូកអាហ្វ្រិកនេះត្រូវគេដឹងថាឆ្លងតែក្នុងចំណោមសត្វជ្រូកគ្នាវាប៉ុណ្ណោះ។អាជ្ញាធរក្នុងតំបន់ក៏បានច្រានចោលការព្រួយបារម្ភថា ទឹកឈាមនេះអាចចម្លងទៅកាន់សត្វផ្សេងៗ ព្រោះថាជ្រូកទាំងនោះត្រូវបានសម្លាប់មេរោគអស់ហើយ មុនត្រូវសម្លាប់ចោល។
ពួកកសិករកូរ៉េខាងត្បូងមានកំហឹងដោយសារតែសង្ស័យថា ជម្ងឺនេះឆ្លងមកពីខាងជើង កាត់ព្រំដែនមានកម្លាំងទ័ពក្រាស់ក្រែល។ការផ្ទុះជម្ងឺនេះត្រូវបានរាយការណ៍នៅកូរ៉េខាងជើងជាលើកដំបូងកាលពីខែឧសភា ហើយនៅកូរ៉េខាងត្បូងកាលពីខែកញ្ញា។ ជាការឆ្លើយតប កូរ៉េខាងត្បូងបានសង់របងបាំងព្រំដែន និងក៏បានអនុញ្ញាតអោយទាហានបាញ់ជ្រូកព្រៃណាដែលដើរឬរត់កាត់ព្រំដែនមកពីខាងជើង។
រំលឹកថា ការផ្ទុះជម្ងឺប៉េស្តជ្រូកអាហ្វ្រិកនេះក៏មាននៅចិន វៀតណាម កម្ពុជា និងហ្វីលីពីន ដោយគ្រាន់តែចិនសម្លាប់ចោលជ្រូក១,២លានក្បាល៕
ប្រភព៖ សប្បាយ