មូស្គូ: ប៉ុស្តិ៍ទូរទស្សន៍របស់ក្រសួងការពារជាតិ រុស្ស៊ី កាលពីថ្ងៃសុក្របាននិយាយថា ប្រទេសរុស្ស៊ីបានធ្វើការចុះចត ឧទ្ធម្ភាគចក្រនិងកងទ័ពរបស់ខ្លួន នៅឯអតីតមូលដ្ឋាន ទ័ពអាកាសអាមេរិក ដ៏ធំមួយនៅភាគខាងជើងប្រទេសស៊ីរី។
ក្រុមយោធា ដែលប្រដាប់ដោយអាវុធ ត្រូវបានបង្ហាញនៅក្នុងខ្សែអាត់ ចាក់ផ្សាយ នៅលើប៉ុស្ត៍ទូរទស្សន៍ Zvezdaបានហោះទៅដល់មូលដ្ឋាន ទ័ពអាកាសស៊ីរី នៅភាគ ខាងជើងខេត្តអាឡេប៉ូក្បែរព្រំដែន ជាមួយប្រទេសតួកគី ក្នុងផែនការគាំទ្រ ដើម្បីការពារតំបន់នោះ។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ បានបញ្ជាឱ្យដកកងទ័ព សហរដ្ឋអាមេរិក ចេញពីតំបន់មួយចំនួន នៃប្រទេសស៊ីរី កាលពីខែមុន។
មូលដ្ឋាននេះផងដែរ ក៏នឹងត្រូវបានប្រើជាមជ្ឈមណ្ឌល ដើម្បីចែកចាយជំនួយ មនុស្សធម៌ សម្រាប់ប្រជាជនក្នុងតំបន់ ហើយយន្ដហោះយោធា ត្រូវបានគ្រប់គ្រង ដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី ក្នុងនាមជាសម្ព័ន្ធមិត្តជាមួយ ទីក្រុងម៉ូស្គូ៕
ប្រែសម្រួល:ស៊ុនលី
