ព្រឹត្តិការណ៍

ទីក្រុង​មួយ​នៅ​អឺរ៉ុប​ចង់បង្វែរទីក្រុងទៅជា​ដីព្រៃ​បៃតងសំរាប់​​ប្រយោជន៍​សុខភាព​

ទីក្រុង​ឡុងដ៍​ត្រូវ​គេ​រំពឹង​ថា​នឹង​ក្លាយជា​ទីក្រុង​ដែលមាន​ឧទ្យាន​​សម្រាប់​ប្រ​ជា​ពល​រដ្ឋ​ស្រូប​យក​ខ្យល់​អាកាស និង​ដើរលំហែ​ធំជាង​គេ​មួយ​នៅ​លើពិភព​លោក។ ទីក្រុង​មួយនេះ​មាន​ផ្ទៃ​ដីជាង​១៥០០​គីឡូម៉ែត្រ​ការ៉េ​ និង​ចំនួន​ប្រជា​ជន​មាន​ជិត​៩​លាន​នាក់​ក្នុង​ឆ្នាំ២០១៨។​

បច្ចុប្បន្ន​ផ្ទៃដី​មួយ​ភាគបី​នៃ​ទីក្រុង​មួយនេះ​បាន​ក្លាយជាឧទ្យាន​សាធារណៈ​សម្រាប់ប្រ​ជា​ពល​រដ្ឋ​ដើរ​លំហែ និង​ស្រួប​យកខ្យល់​អាកាស​បរិសុទ្ធរូច​ស្រេច​ទៅ​ហើយ។ តាម​ផែន​ការ​នៅ​ឆ្នាំ២០៥០ ទីក្រុងនេះ​នឹង​កែច្នៃ​ផ្ទៃដី​ក្នុង​ទីក្រុង​របស់​ខ្លួន​ឲ្យ​ក្លាយ​ជា​ឧទ្យាន​បៃតង​ធម្មជាតិ​រហូត​ដល់​៥០​ភាគរយ​នៃ​ផ្ទៃ​ដីសរុប​។


ដើម្បីសម្រេច​ផែនការ​នេះ​អាជ្ញាធរមាន​ផែន​ការ​រៀបចំ​កែលំអរ​តាម​ដង​ផ្លូវដោយ​ដាំ​ស្មៅ ដើម​ឈើ​បន្ថែម និង​លើ​ដំបូល​ផ្ទះ​ក៏​ដាំ​ដើម​ឈើ​ដូច​គ្នា។ ពិសេស​គឺ​គម្រោង​សំណង់​ផ្ទះ​សម្បែង​ដែល​សាងសង់​ក្រោយៗ​ត្រូវ​រៀបចំ​ឲ្យ​មាន​សួន ដើមឈើ និង​ស្មៅ​នៅ​តាម​អាគារ​របស់​ខ្លួន។


អាជ្ញាធរ​គ្រោង​ចាយ​ថវិកា​១៧​លាន​ផោន​ដើម្បី​ផ្ដល់ទៅ​កាន់​សហគមន៍​ឲ្យ​ដាំដើម​ឈើ​បន្ថែម និង​១,៥​លាន​ផោនផ្សេងទៀត​ដើម្បី​បង្កើត​តំបន់​ព្រៃ​ឈើ​បន្ថែមទៀត។ ការ​ធ្វើ​ដូចនេះ​ អាជ្ញាធរ​អះអាង​ថា​នឹង​ជួយ​កាត់​បន្ថយជាតិ​ពុល​ក្នុង​ទីក្រុង ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ផ្លូវ​ចិត្ត និង​ការ​ស្លាប់​មុន​អាយុជាដើម។ លើស​ពីនេះអាជ្ញាធរ​បាន​ឲ្យដឹងថា​ការ​ចំណាយ​ប្រាក់​មួយ​ផោន​​លើ​ការ​ដាំ​ដើម​ឈើ​គឺ​រួម​ចំណែក​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាលជំងឺ​បាន​រហូត​ដល់​ប្រាំពីរ​ផោន​ឯណោះ៕

ប្រភព៖Sabay

Most Popular

To Top