ព្រះសីហនុ៖ ជាថ្មីម្តងទៀត លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បាននាំយក សត្វល្មិចឬអណ្តើកសមុទ្រ មួយក្បាលទៅ ព្រលែងចូលក្នុងសមុទ្រធម្មជាតិវិញ នៅតំបន់ MAFIYA’S Resort ឆ្នេរឋានសួគ៏ ប្រជុំកោះរ៉ុង ប្រទេសកម្ពុជា។
នេះជាសត្វល្មិច ឬអណ្តើកសមុទ្រ ទម្ងន់ធ្ងន់មួយក្បាលទៀត ដែលលោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅព្រលែង ក្នុងសមុទ្រធម្មជាតិ ហើយការព្រលែងលើកនេះ គឺជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១១០ ខណៈដែរសត្វល្មិច ឬអណ្កើកសមុទ្រមួយក្បាលនេះ មានទម្ងន់ប្រមាណ ១០០គីឡូក្រាម ។
តាមការលើកឡើង របស់លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា បើសរុបសត្វសមុទ្រកម្រ ប្រភេទនេះ មានប្រមាណ ជិត២០០ក្បាលហើយ ដែលត្រូវបាននាំយក ទៅប្រលែង ឲ្យមានសេរីភាពឡើងវិញ មកទល់នឹងបច្ចុប្បន្ននេះ ។
ក្នុងឱកាសនោះដែរ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួន ដែលសហការផ្តល់សត្វល្មិច ឬអណ្តើកសមុទ្រនេះ ក្រោយនេសាទបាន ដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវ អោយគ្រប់សហគមន៌ ប្រជាពលរដ្ឋពិសេស អ្នកនេសាទសមុទ្រ ជួយការពារអភិរក្ស័ សត្វល្មិចឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារ ឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕







