ព្រឹត្តិការណ៍

ចៀសវាង​ជួបរឿងស៊យ និងអាម៉ាស់ ហាម​ដាច់ខាត​ កុំ​ធ្វើ​រឿង​ទាំង​នេះ​ ពេល​ជិះយន្តហោះ

ធ្វើ​ដំណើរ​លើ​យន្តហោះ​ គឺ​ជា​បទពិសោធន៍​អស្ចារ្យ​ក្នុង​ជីវិត​ ដូចនេះ​តើ​គួរ​ប្រុងប្រៀប​ខ្លួន​បែប​ណា​ ដើម្បី​ឲ្យ​ពេល​វេលា​ពិសេស​នេះ​ពេញ​ដោយអត្ថន័យ។ ប៉ុន្តែ​ស្របពេល​ជាមួយ​គ្នា​នោះ​ អ្នក​ក៏​មិន​គួរ​ភ្លេច​ខ្លួន​ និង​ដាច់​ខាតគួរ​​ចៀស​ដាច់​ខាត​កុំ​ធ្វើ​រឿង​មួយ​ចំនួន​ ពេល​អ្នក​កំពុង​ធ្វើ​ដំណើរ​លើយន្តហោះ។

១. កុំ​រើ​ខ្លាំង​ពេក​ ឬ​នៅ​មិន​ស្ងៀម​ពេល​កំពុង​ជិះ​យន្តហោះ
ពេល​ណា​ដែល​អ្នក​រើ​ចុះ​ឡើង​ វា​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​នៅជិត​យើង​មិន​ស្រណុក​ចិត្ត​ដូចគ្នា។ គួរ​រក្សា​សណ្ដាប់ធ្នាប់​ និង​ស្ងៀមស្ងាត់​ជាជាង​ធ្វើ​ឲ្យ​អ្នក​ជិតខាង​ទើសទាល់។


២. កុំ​ដោះ​ស្រោមជើង​ចេញ​ ដើម្បី​តែ​ស្រួល​ខ្លួន
ពិត​ប្រាកដ​ណាស់ អ្នក​ខ្លះ​មិន​សូវ​ជា​ទម្លាប់​ក្នុង​ការ​ពាក់​ស្រោម​ជើង​ទេ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ យើង​ក៏​មិន​គួរ​ដោះ​ចេញ​ នៅ​លើ​យន្តហោះ​ស្រប​ពេល​មាន​មនុស្សជា​ច្រើន​ទៀត​ធ្វើដំណើរ​ជាមួយ។ ម្យ៉ាង​ពេល​ខ្លះ​ វា​អាច​បង្ក​ឲ្យ​មាន​ក្លិន​មិនល្អ​ ឬ​ទើស​ភ្នែក​អ្នក​ដទៃ​ទៀត។


៣. កុំ​រពឹសដៃ​ចុច​ប៊ូតុង​ហៅ​ អ្នក​បម្រើ​ការ​លើយន្តហោះពេល​ត្រូវ​ការ​អ្វី​មួយ
រឿង​សំខាន់​ចម្បង​របស់អ្នក​បម្រើការលើយន្តហោះ​ គឺ​រក្សា​សុវត្ថិភាព​អ្នក​ មិន​មែន​បាន​ន័យ​ថា​ត្រូវ​បំពេញ​រាល់​តម្រូវការ​គ្រប់យ៉ាង​របស់​អ្នក​ដំនើរ​ឡើយ។ បើ​ក្នុង​ករណី​អ្នក​ត្រូវ​ការ​អ្វី​មួយ​ អ្នក​គួរ​តែ​ងើបឈរ ឬ​​លើក​ដៃជាសញ្ញាជា​ជាង​ការ​ចុចប៊ូតុង ដើម្បីចៀសវាង​ការរំខាន​។


៤. កុំនៅ​សំងំស្ងៀម​ បើ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន ​(ឈឺ)
ប្រសិន​អ្នក​មាន​អារម្មណ៍​ដូចជា​មិន​ស្រួល​ត្រង់​ណា​ អ្នក​គួរ​ឲ្យ​លើក​ដៃជា​សញ្ញា​ប្រាប់​ទៅ​ក្រុមការងារ​លើ​យន្តហោះ​ឲ្យជួយ មុនពេល​អាការៈ​របស់​អ្នក​កាន់តែ​ធ្ងន់។


៥. កុំ​យក​អាហារ​ណា​ដែល​មាន​ក្លិន​ខ្លាំង​មក​ញ៉ាំ​លើ​យន្តហោះ
ទោះ​បី​វា​ជា​សិទ្ធិ​បុគ្គល​ ប៉ុន្តែ​គួរ​ណា​មាន​ការ​គិត​គូរ​ដល់​អ្នក​រួម​ដំណើរ​របស់​យើង​ដែល​នៅ​ជិតៗ​គ្នា ព្រោះ​អាហារ​មួយ​ចំនួន​​ វា​ពិតជា​មាន​ក្លិន​ខ្លាំង​ទាំងពេល​អ្នក​ដក​ចេញ​មក និង​ពេល​ភឺ។ តួ​យ៉ាង​ដូចជា សាំងវ៉ិចត្រីធូណា ចំណី​ដែល​មាន​ខ្ទឹមបារាំង​ជាដើម…។

៦. កុំ​សាកញ៉ាំ​ឱសថ​ណា​​ដែល​មិនធ្លាប់​លេបពីមុន
បើនៅ​ផ្ទះ​ នោះ​យើង​ងាយ​ស្រួល​ទៅរក​ពេទ្យ នៅពេល​យើង​ប្រតិកម្ម​ថ្នាំ ប៉ុន្តែ​បើ​អ្នក​ខ្វះការប្រុងប្រយ័ត្ន​ចេះ​តែ​ទទួលទាន​ផ្ដេសផ្ដាស វា​អាច​នឹង​ផ្ដល់​នូវ​ផល​ពិបាក​ពេល​មាន​បញ្ហា​កើតឡើង។ ដូចនេះ​កុំ​ផឹក​ថ្នាំ​ប្លែកៗពេល​ជិះយន្តហោះ​ឲ្យសោះ។

៧. កុំ​ព្រងើយ​នឹង​ការ​ប្រកាស​ពី​ការ​បង្ការ​គ្រោះ​អាសន្ន
វា​ពិត​ជា​រឿង​សំខាន់​ណាស់​គ្រប់​ពេល​អ្នក​ជិះ​យន្តហោះ។ អាច​និយាយ​បាន​ថា​ ស្ដាប់ទៅ​វា​គួរ​ឲ្យ​ធុញ​បន្តិច​មែន​ ប៉ុន្តែ​វា​ក៏​សំខាន់​ណាស់ដែរ សម្រាប់​អ្នក​ដំណើរទាំងអស់​ក្នុង​ការ​ដឹង​ព័ត៌មាន​ផ្សេងៗ​នៃ​ការធ្វើ​ដំណើរ​របស់​យើង​ និង​អាច​ប្រុងប្រយ័ត្ន​បាន​មុន។


៨. កុំ​លេង​សើច​ពី​រឿង​បំផ្ទុះ​គ្រាប់​បែក
គ្មាន​អ្នកណា​សប្បាយ​ចិត្ត​នៅពេល​ឮអ្នក​លេង​សើច​នឹង​រឿង​កាំភ្លើង​ អាវុធមុតស្រួច ឬ​អ្វី​ផ្សេង​ទៀត​ដែល​ជា​គ្រឿង​បង្ក​ហានិភ័យ​នោះទេ។


៩. កុំ​លេង​ ឬ​សារ៉េ​កៅអី​ចុះ​ឡើង​អំឡុង​ពេល​ញ៉ាំ​អាហារ
វា​ក៏​ជា​រឿង​គួរ​ដ៏​សំខាន់​ គប្បី​ត្រូវ​ដឹង​មួយ​ដែរ។ ត្បិត​ការ​សារ៉េ​កៅអី វា​ជា​រឿង​ធម្មតា​ ប៉ុន្តែ​លើក​លែង​អំឡុង​ពេល​ញ៉ាំ​អាហារ​ គួរ​កុំ​លេង​អី ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អ្នក​ដំណើរ​ផ្សេង​ទៀតដែល​អង្គុយ​ជិត​យើង៕

ប្រភព៖Sabay

Most Popular

To Top