ឌុបៃ:
មន្ត្រីរបស់រដ្ឋាភិបាលអាមេរិកកាលពីថ្ងៃចន្ទទី១៨ខែវិច្ឆិកាម្សិលមិញបាននិយាយថាសហរដ្ឋអាមេរិកអាចនឹងចាប់ផ្តើមដាក់ទណ្ឌកម្មទៅលើប្រទេសអេហ្ស៊ីបនិងរារាំងមិនឲ្យមានការលក់ដូរសំភារៈយោធានាពេលអនាគតប្រសិនបើរដ្ឋាភិបាលក្រុងគែរនៅតែបន្តការទិញយន្តហោះចម្បាំងរបស់រុស្ស៊ី។
រំលឹកដែរថាប្រទេសអេហ្ស៊ីបកាលពីដើមឆ្នាំនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានទំហំរហូតទៅដល់២ពាន់លានដុល្លារជាមួយប្រទេសរុស្ស៊ីដើម្បីទិញយន្តហោះចម្បាំង Su-35 ចំនួនជាង ២០ គ្រឿងប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលក្រុងគែរហាក់មិនបានខ្វាយខ្វល់ទៅនឹងព័ត៌មានទាំងនេះឡើយតាំងតែពីពេលចាប់ផ្តើមហើយជឿជាក់ថាក៏មិនមែនជាអ្វីដែលថ្មីឡើយសម្រាប់ខ្លួន។
រហូតមកដល់ពេលនេះរដ្ឋាភិបាលអេហ្ស៊ីបហាក់មិនទាន់មានមតិយោបល់បែបណាចំពោះករណីនេះដែរខណៈដែលគ្រប់គ្នាបានដឹងមកហើយថាអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលរដ្ឋាភិបាលអាមេរិកបានផ្តល់ជំនួយរាប់ពាន់ដុល្លារទៅឲ្យអេហ្ស៊ីបទាំងផ្នែកសេដ្ឋកិច្ចនិងយោធានិងក៏មានឈ្មោះជាសម្ព័ន្ធមិត្តដ៏ស្និទ្ធស្នាលផងដែរជាពិសេសការបញ្ជាទិញយន្តហោះចម្បាំងអាមេរិកF-16នាពេលកន្លងមកផងនោះ៕
ប្រែសម្រួល:ស៊ុនលី