ក្រុងហូជីមីញ ប្រទេសវៀតណាម បានទទួលរងការបំពុលខ្យល់អាកាសធ្ងន់ធ្ងរអស់រយៈពេលមួយសប្តាហ៍មកហើយ ដោយក្រុមអ្នកពនិត្យមើលខ្យល់អាកាសបង្ហាញកម្រិតខ្ពស់នៃធូលីល្អិត។
អគារខ្ពស់ៗ នៃទីក្រុងនេះ គេស្ទើរតែមិនអាចមើលឃើញពីចម្ងាយ៥០០ម៉ែត្រ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២១វិច្ឆិកា៧៧។ ភាពមើលឃើញបានធ្លាក់ចុះដោយសារផ្សែងអ័ព្ទ ជាពិសេស នៅរង្វង់មូលធីមីនៅសង្កាត់លេខ២ ដែលមានភាពកខ្វក់បំផុតនៅទីក្រុងនេះ។ នេះបើយោងតាមលទ្ធផលត្រួតពិនិត្យខ្យល់អាកាស។ ការបំពុលបរិយាកាសនេះ អាចមើលឃើញដោយភ្នែកទទេ ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ សន្ទស្សន៍គុណភាពខ្យល់ (AQI) ដែលត្រូវបានកត់ត្រាដោយក្រុមអ្នកត្រួតពិនិត្យ គុណភាពខ្យល់អាកាសIQAir AirVisual ដែលមានមូលដ្ឋាននៅប្រទេសស្វីសនោះ គឺមានអត្រាជាមធ្យម កម្រិត១៥៤នៅតាមកន្លែងផ្សេងៗគ្នានៅទីក្រុងហូជីមីញនេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ គុណភាពខ្យល់អាកាសលើសពីកម្រិត១០០ ត្រូវចាត់ទុកថាប៉ះពាល់ដល់សុខភាព។
លោកស្រី ឡេ ធី សួន ឡាន អ្នកជំនាញអាកាសធាតុ បាននិយាយថាផ្នែកភាគខាងត្បូងនៃប្រទេសវៀណាមបានកំពុងឈានដល់រដូវប្រាំងដោយមានភ្លៀងធ្លាក់ម្តងម្កាលនៅតំបន់មួយចំនួនដូច្នេះសំណើមក្នុងខ្យល់អាកាសមិនខ្ពស់ទេ។ លោកស្រីបាននិយាយថា ផ្សែងអ័ព្ទពណ៌ប្រផេះគ្របដណ្តប់លើទីក្រុងនេះក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះគឺជាការបំពុលខ្យល់បរិយាកាស។ លោកស្រី បាននិយាយថា “ផ្សែងអ័ព្ទកំពុងកើតឡើងកាន់តែច្រើនឡើងៗ ទោះបីជា វាស្ថិតក្នុងកម្រិតខុសៗគ្នាក៏ដោយ។ ករណីបែបនេះ មិនដែលកើតឡើងពីមុនមកទេ” ។
លោកស្រីបន្តថាមូលហេតុគឺថា បរិយាកាសនៅកម្ពស់ប្រហែល ១០០ ម៉ែត្រនិងទាបជាងនេះត្រូវបានបំពុលដោយធូលីនិងផ្សែងចេញពីយានយន្តរោងចក្រ និងកន្លែងសំណង់៕
ប្រភព៖Sabay