បរទេស:USA Todayចេញផ្សាយនៅថ្ងៃពុធទី២០ខែវិច្ឆិកានេះបានសរសេរថាយោធារបស់សហរដ្ឋអាមេរិកដែលមិនបានបញ្ជាក់អត្តសញ្ញាណបានអះអាងថាយោធាអាមេរិកចំនួនពីរនាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ឧទ្ធម្ភាគចក្រមួយនៅព្រឹកថ្ងៃថ្ងៃពុធនេះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ប្រភពដដែលបានសរសេរទៀតថាទោះបីជាយ៉ាងណាក្តីការធ្លាក់លើកនេះគឺកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយប៉ុន្តែយោធាដដែលបាននិយាយថារបាយការណ៍បឋមបានបង្ហាញថាឧប្បត្តិហេតុនេះមិនមែនបណ្តាលមកពីការបាញ់ប្រហារណាមួយពីសត្រូវរបស់ខ្លួនទេទោះបីមានការអះអាងពីពួកតាលីបង់ថាខ្លួនគឺជាអ្នកដែលបានបាញ់ឧទ្ធម្ភាគចក្រមួយគ្រឿងដែលកំពុងហោះហើរនៅក្នុងខេត្តLogarភាគខាងកើតនៃប្រទេសនេះ។
ការស្លាប់របស់យោធាអាមេរិកចុងក្រោយនេះបានធ្វើឲ្យចំនួនអ្នកស្លាប់ដោយការប្រយុទ្ធរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះក្នុងប្រទេសអាហ្វហ្គានីស្ថានកើនដល់១៩នាក់ហើយ។

បច្ចុប្បន្នវត្តមានកងទ័ពអាមេរិកដែលនៅសល់មានប្រហែលជា១៤០០០ នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានហើយទាហានអាមេរិកចំនួន២៤០០នាក់ហើយដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមដែលដឹកនាំដោយសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០០១៕
ប្រែសម្រួល:ស៊ុនលី
