រដ្ឋាភិបាលចិន កំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហាក្មេងៗញៀនហ្គេមអនឡាញ ដោយប្រាប់ហាងអ៊ីនធឺណិតកាហ្វេទាំងអស់ មិនត្រូវអនុញ្ញាតឲ្យសិស្សចូលលេងក្រៅពីថ្ងៃឈប់សម្រាកនោះទេ។
យោងតាមក្រសួងវប្បធម៌ និងទេសចរ ឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៏មួយកាលពីថ្ងៃពុធថា ចាប់ពីខែមករាឆ្នាំ ២០២០តទៅ អាជីវកម្មកម្សាន្ដ មិនត្រូវអនុញ្ញាតឲ្យក្មេងក្រោមអាយុចូលលេងនោះទេ។ សេចក្ដីថ្លែងការណ៍ឲ្យដឹងទៀតថា “ជំហាននេះ នឹងលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មដោយស្ថេរភាព និងបំពេញតំរូវការរបស់ប្រជាជនដែលកំពុងកើនឡើងដើម្បីជីវិតប្រសើរឡើង។” ចំណែកឯអ្នកប្រឹក្សាយោបល់ជាន់ខ្ពស់ផ្នែកច្បាប់ក្នុងទីក្រុងប៉េកាំងលោក Sun Lei ឲ្យដឹងថា ការហាមប្រាម ត្រូវបានចូលជាធរមានរួចហើយ ប៉ុន្តែការអនុវត្តមិនសូវមាននោះទេ ប៉ុន្តែលើកនេះរដ្ឋាភិបាល នឹងអនុវត្ដដោយហ្មត់ចត់បំផុត។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានសម្គាល់ឃើញថាមានការកើនឡើងខ្លាំងនៃអ្នកញៀនហ្គេមក្រោមអាយុ ១៨ឆ្នាំ។ កាលពីដើមខែវិច្ឆិកាកន្លងទៅ រដ្ឋាភិបាលបានចេញសេចក្ដីប្រកាសហាមអ្នកលេងក្រោមអាយុ ១៨ឆ្នាំ លេងហ្គេមពីម៉ោង ១០យប់ ដល់៨ព្រឹក។ ក្នុងអំឡុងពេលថ្ងៃធ្វើការ អនុញ្ញាតឲ្យលេងត្រឹម ៩០នាទីប៉ុណ្ណោះ និង៣ម៉ោងសម្រាប់ថ្ងៃចុងសប្ដាហ៍ និងឈប់សម្រាក៕
ប្រភព៖សប្បាយ



