បរទេស៖ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ អាចនឹងបំពានទៅនឹងកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ២០១៨ ដោយរយៈការហ្វឹកហាត់បាញ់កាំភ្លើងធំ នៅជិតព្រំដែនសមុទ្រមានជម្លោះ ដែលស្ថិតនៅជាប់នឹងប្រទេសកូរ៉េខាងត្បូង។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរដ្ឋរបស់ទីក្រុងព្យុងយ៉ាង ឈ្មោះ KCNA បានចេញនូវសេចក្តីរាយការណ៍មួយ កាលពីថ្ងៃចន្ទម្សិលមិញនេះថា លោក គីម ជុងអ៊ុន បានផ្តល់ការណែនាំជាមូលដ្ឋាន នៅក្នុងអំឡុងដំណើរទស្សនកិច្ចអង្គភាពយោធារបស់លោក ដែលស្ថិតនៅលើកោះ Changrin នាតំបន់ឆ្នេរភាគខាងលិច។
ក្រៅពីនោះ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើងនេះ ក៏បានអះអាងផងដែរថា ការបាញ់កំាភ្លើងធំនោះ ទំនងជាបំពាននឹងកិច្ចព្រមព្រៀងថ្ងៃទី១៩ ខែកញ្ញា រវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ដែលបញ្ជាក់ថា ភាគីទាំងពីរនឹងបញ្ឈប់រាល់រាល់ទង្វើប្រកបដោយអរិភាពយោធាទាំងអស់ នៅតាមតំបន់ព្រំដែន ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕ ប្រែសម្រួល៖ប៉ាង កុង