ព្រឹត្តិការណ៍

មក​ស្គាល់ បុរី​រដ្ឋ​តែ ៣ ប៉ុណ្ណោះ នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ

បុរី​រដ្ឋ (City-State) ជា​តំបន់​ ឬ ទីក្រុង​មួយ​ដែល​អធិបតេយ្យ​ភាព និង​ឯករាជ្យ​ភាព​ក្នុង​ការ​គ្រប់គ្រង​ប្រជាជន​របស់​ខ្លួន ដោយ​ច្បាប់​របស់​ខ្លួន និង​មិន​មាន​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​​ណា​មួយ​ឡើយ។ អធិបតេយ្យ​ភាព និង​ឯករាជ្យ​ភាព​ខុស​ពី​ ស្វ័យភាព ដោយ​តំបន់​ស្វយ័ត ស្ថិត​នៅ​ក្រោម​បំណែង​ចែក​នៃ​រដ្ឋាភិបាល​កណ្ដាល។

បុរី​រដ្ឋ​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​តែ ៣ ប៉ុណ្ណោះ​នៅ​ក្នុង​ពិភពលោក​យើង​សព្វថ្ងៃ​នេះ។ បុរី​រដ្ឋ​ទាំង ៣​នោះ​មាន​ដូច​ជា៖

បុរី​ក្សត្រ​ម៉ូណាកូ៖ មាន​ទំហំ​ប្រមាណ ២.០២​គីឡូម៉ែត្រ​ក្រឡា និង​មាន​ប្រជាជន​សរុប​ជាង ៤ម៉ឺន​នាក់ ម៉ូណាកូ​មាន​ទីតាំង​ក្បែរ​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេ​ប្រទេស​បារាំង។ បុរី​នេះ​មាន​ប្រព័ន្ធ​នយោបាយ​បែប​ផែន រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ ចំណែក​ឯ​សេដ្ឋកិច្ច​វិញ ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍។

សិង្ហបុរី៖ ជា​ទីក្រុង​កោះ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ សិង្ហបុរី​មាន​ទំហំ​ប្រមាណ ៧២១.៥គីឡូម៉ែត្រ​ក្រឡា និង​មាន​ប្រជាជន​ជាង ៥លាន​នាក់។ ប្រទេស​នេះ​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ​។ សេដ្ឋកិច្ច​សិង្ហបុរី ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​។

បុរី​វ៉ាទីកង់៖ មាន​ទំហំ​តូច​ជាង ១គីឡូម៉ែត្រ​ក្រឡា និង​ប្រជាជន​អចិន្ត្រៃយ៍​តែ​ជាង ១ពាន់​នាក់ បុរី​វ៉ាទីកង់​ជា​រដ្ឋ​ឯករាជ្យ​តូច​បំផុត​នៅ​លើ​ពិភពលោក។ ប្រព័ន្ធ​នយោបាយ​នៅ​ប្រទេស​នេះ គ្រប់គ្រង​ដោយ ព្រះវិហារ​កាតូលិក ដោយ​សម្ដេច​ប៉ាប​កាន់​ទាំង​អំណាច​នីតិប្បញ្ញត្តិ​ ប្រតិបត្តិ និង​តុលាការ។ សេដ្ឋកិច្ច​វ៉ាទីកង់​ ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍៕ប្រភព៖Sabay

Most Popular

To Top