បរទេស៖នៅក្នុងបទសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារសារព័ត៌មាន RIA ចេញផ្សាយនៅថ្ងៃអង្គារនេះ លោក Alexander Mikheev ជាប្រធានក្រុមហ៊ុននាំចេញអាវុធរដ្ឋរុស្ស៊ី Rosoboronexport បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ីសង្ឃឹមថា នឹងចុះហត្ថលេខាផ្គត់ផ្គង់ឲ្យតួកគី នូវប្រព័ន្ធការពារមីស៊ីល S-400 នៅក្នុងឆមាសទីមួយឆ្នាំក្រោយ។
យោងតាមកាសែត RIA លោក Alexander Mikheev បានថ្លែងប្រាប់យ៉ាងដូច្នេះថា “យើងសង្ឃឹមថា នៅក្នុងឆមាសទីមួយនា២០២០ យើងនឹងចុះហត្ថលេខាលើឯកសារកុងត្រា។ ប៉ុន្តែខ្ញុំចង់សង្កត់ធ្ងន់ថា សហប្រតិបត្តិការបច្ចេកទេសយោធា ជាមួយប្រទេសតួកគី នឹងមិនមានដែនកំណត់ ដើម្បីធ្វើការផ្គត់ផ្គង់ប្រព័ន្ធ S-400”។
គួរបញ្ជាក់ថា ក្នុងកន្លងមក ទីក្រុងវ៉ាស៊ីនតោន បានព្រមានដាក់ទណ្ឌកម្មប្រទេសតួកគី ដោយនិយាយថា មីស៊ីលរុស្ស៊ីនោះ មិនត្រូវគ្នានឹងប្រព័ន្ធការពាររបស់អង្គការណាតូ ប៉ុន្តែនៅមិនទាន់បានដាក់ទាន់កម្មនៅឡើយនោះទេ ចំណែកមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកមួយរូប បាននិយាយកាលពីសប្ដាហ៍មុនថា ប្រទេសតួកគីចាំបាច់ត្រូវតែបោះបង់ចោលប្រព័ន្ធអាវុធ S-400 ដែលខ្លួនបានទិញរួចហើយ៕ប្រែសម្រួល៖ប៉ាង កុង