បរទេស៖ដោយលើកឡើង នូវប្រភពពីក្រសួង ការពារជាតិរុស្ស៊ី ទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ីបានរាយការណ៍ នៅថ្ងៃពុធនេះថា ប្រទេសជប៉ុននិង ប្រទេសកូរ៉េខាងត្បូង បានចេញយន្តហោះ យ៉ាងប្រញាប់ប្រញាល់ ដើម្បីតាមដានមើល យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររុស្ស៊ីចំនួនពីរគ្រឿង ដែលហោះហើរពីលើដែន ទឹកនៃសមុទ្រជប៉ុន និងសមុទ្រចិន ខាងកើត។
ទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី TASS តាមសេចក្តីរាយការណ៍ បានដកស្រង់សម្តីកដែលក្រសួងនិយាយយ៉ាងដូច្នេះថា “នៅក្នុងដំណាក់ កាលដ៏ជាក់លាក់នៃដំណើរផ្លូវហោះហើរនោះ យន្តហោះទម្លាក់គ្រាប់ Tu-95MS ត្រូវបានហោះអម ដោយយ ន្តហោះចម្បាំង F-15 និងយន្តហោះចម្បាំង F-16 (របស់កងទ័ពអាកាសកូរ៉េខាងត្បូង និងយន្តហោះចម្បាំង F-2 (របស់កងទ័ពអាកាសជប៉ុន)”។
គួរបញ្ជាក់ថា កាលពីខែមុន យន្តហោះចម្បាំង របស់កងទ័ពអាកាសជប៉ុននិងយន្តហោះចម្បាំង របស់កងទ័ពអាកាសកូរ៉េខាងត្បូង ក៏បានធ្វើការហោះហើរ យ៉ាងប្រញាប់ប្រញាល់ ឃ្លាំមើលយន្តហោះយោធារុស្ស៊ីចំនួន៦ គ្រឿង ដែលរួមមាន យន្តហោះទម្លាក់គ្រាប់ យុទ្ធសាស្ត្រ Tu-95MS ចំនួនពីរគ្រឿង ដែលហោះចូលក្នុងតំបន់ កំណត់ការពារ ដែនអាកាសជប៉ុននិង កូរ៉េខាងត្បូងផងដែរ៕ប្រែសម្រួល៖ប៉ាង កុង