បណ្តាញសារព័ត៌មាន រដ្ឋរបស់កូរ៉េខាងជើង នៅថ្ងៃសៅរ៍ទី៣០ ខែវិច្ឆិកា បានរិះគន់ខ្លាំងៗដល់នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីន ហ្សូអាបេ ដោយហៅលោកថា អ្នកនយោបាយភ្លីភ្លើ និងពុតត្បុតចំពោះការហៅ ការបាញ់សាកល្បង ប្រព័ន្ធរ៉ុក្កែតធំចុងក្រោយបំផុត របស់ខ្លួននោះថា ជាការការបាញ់សាកល្បង មីស៊ីលផ្លោង និងបានព្រមានថា លោកអាចនឹងឃើញមីស៊ីលពិត នៅពេលអនាគតដ៏ខ្លីខាងមុខនេះ។
កូរ៉េខាងជើង បានបាញ់គ្រាប់ផ្លោង ចម្ងាយខ្លីចំនួន២គ្រាប់ ចូលសមុទ្រ នៅឯនាយឆ្នេរសមុទ្រខាងកើតរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការបាញ់សាកល្បងលើកទី ៤ នៃការបាញ់សាកល្បង ប្រព័ន្ធបាញ់រ៉ុក្កែតចម្រុះ ទំហំធំនិងថ្មីរបស់ខ្លួន ដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង ចំពោះការបាញ់សាកល្បងចុងក្រោយបំផុតនេះ។
បន្ទាប់ពីការបាញ់សាកល្បង របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង មកនោះ លោក ស៊ីន ហ្សូអាបេ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនោះ គឺជាការគំរាមកំហែង ដល់ប្រទេសជប៉ុន និងសហគមន៍អន្តរជាតិ ហើយរដ្ឋាភិបាលក្រុងតូក្យូ នឹងតាមដានស្ថានការណ៍នោះ ជាមួយនឹងប្រទេសជាដៃគូរបស់ខ្លួន។
ដោយដកស្រង់សំដី របស់អគ្គនាយករង នៃនាយកដ្ឋាន កិច្ចការជប៉ុនរបស់ក្រសួងការបរទេស កូរ៉េខាងជើងនោះ សារព័ត៌មាន KCNA របស់កូរ៉េខាងជើង បាននិយាយថា ”វាអាចនិយាយបានថា លោក ស៊ីន ហ្សូអាបេ គឺជាមនុស្សល្ងីល្ងើ តែម្នាក់ នៅពិភពលោក និងជាមនុស្សភ្លើបំផុត ដែលមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រ ព្រោះលោកមិនអាចបែងចែកបាន រវាងមីស៊ីល និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត នៅពេលបានឃើញរបាយការណ៍ ដែលភ្ជាប់មកជាមួយរូបថតនោះ ។
សេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហាមឃាត់កូរ៉េខាងជើង ពីការបាញ់សាកល្បង មីស៊ីលផ្លោង និងការប្រើប្រាស់បច្ចេកវិទ្យាបែបនេះ ប៉ុន្តែកូរ៉េខាងជើង បដិសេធការដាក់កម្រិតនេះ ដោយថាជាការរំលោភ លើសិទ្ធិការពារខ្លួនរបស់ខ្លួន៕
ប្រភព៖Sabay



