អគ្គិភ័យមួយដែលបានឆាបឆេះឡើង កាលពីថ្ងៃអាទិត្យកន្លងទៅ បានបណ្ដាលឲ្យមានការខូចខាតអគារមួយចំនួននៅក្នុងតំបន់ បេតិកភណ្ឌ Hallstatt នៃប្រទេសអូទ្រីស។
យោងតាមភ្នាក់ងារសារព័ត៌មានជាតិអូទ្រីស APA ឲ្យដឹងថា ដំបូងឡើយអគ្គិភ័យចាប់ផ្ដើមឡើងផ្ទះខ្ទមឈើមួយនៃមាត់បឹង ហើយបន្ដរាលដាលទៅផ្ទះខ្ទមផ្សេងទៀត និងអគារពីរខ្នងដែលនៅឆ្លងផ្លូវ Seestraße ។ កងពន្លត់អគ្គិភ័យ ៨ក្រុមដោយមានមនុស្ស ១០៩នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីពន្លត់ភ្លើង និងទប់ស្កាត់ការរាលដាលបន្ថែមទៀត។ យោងតាមអ្នកពន្លត់អគ្គិភ័យម្នាក់ គឺលោក Johannes Pichler ឲ្យដឹងថា “ដោយសារតែតំបន់ Hallstatt ត្រូវបានសាងសង់ឡើងកៀកគ្នាពេក ធ្វើឲ្យភ្លើងឆាបឆេះលឿនហើយរងការខូចខាតខ្លាំង។”
យ៉ាងណាមិញ ពលរដ្ឋដែលរស់នៅតំបន់កើតហេតុខាងលើ ត្រូវបានជម្លៀសចេញទៅកាន់ទីសុវត្ថិភាពទាន់ពេលវេលា ប៉ុន្តែអ្នកពន្លត់អគ្គិភ័យម្នាក់ បានរងរបួសក្នុងហេតុការណ៍នេះ។ ចំណែកឯមូលហេតុពិត ដែលបណ្ដាលឲ្យមានភ្លើងឆាបឆេះនៅតំបន់បេតិកភណ្ឌនេះ នៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ហើយស្ថានភាពអគ្គិភ័យ ត្រូវក្រុមពន្លត់អគ្គិភ័យគ្រប់គ្រងបាន ១០០%ហើយ។
គួរឲ្យដឹងថា Hallstatt គឺជាតំបន់គោលដៅទេសចរ ដ៏ល្បីល្បាញមួយរបស់ប្រទេសអូទ្រីស ដែលមានភ្ញៀវទេសចរជាង ១លាននាក់ទៅទស្សនាជារៀងរាល់ឆ្នាំ។ ទីក្រុងនេះ គឺជាតំបន់រ៉ែអំបិលចំណាស់ជាងគេក្នុងពិភពលោក ហើយត្រូវបានដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ ១៩៩៧៕
ប្រភព៖ news.sabay.com.kh