ហាណូយ៖ មូលនិធិអូបាម៉ាបានបញ្ជាក់ថាតារាសម្តែង Julia Roberts នឹងចូលរួមជាមួយលោកស្រី មីហ្សែល អូបាម៉ា នៅក្នុងប្រទេសវៀតណាមនៅថ្ងៃទី ៩ ខែធ្នូនេះ ក្នុងនាមសម្ព័ន្ធភាពឱកាសកុមារីភាពរបស់មូលនិធិអូបាម៉ា ដើម្បីជួបជាមួយអង្គការអប់រំក្មេងស្រីក្នុងតំបន់។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា អតីតស្ត្រីទីមួយរបស់អាមេរិក និងតារាសម្តែងដែលទទួលបានពានរង្វាន់ នឹងបង្ហាញពីសារៈសំខាន់នៃការអប់រំ ដើម្បីជួយក្មេងស្រីវ័យជំទង់ ឱ្យឈានដល់សក្តានុពលពេញលេញរបស់ពួកគេ។ មូលនិធិអូបាម៉ា បានបង្កើតសម្ព័ន្ធភាពឱកាសក្មេងស្រីកាលពីឆ្នាំមុន។
មូលនិធិអូបាម៉ាកំពុងរៀបចំការជួបជុំរបស់មេដឹកនាំអប់រំចំនួន ២០០ នាក់ មកពីអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុង គូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែធ្នូ៕
ប្រែសម្រួលៈ ណៃ តុលា

