បរទេស:ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទទី២ខែធ្នូឆ្នាំ២០១៩នេះបានឲ្យដឹងថារដ្ឋមន្រ្តីក្រសួងការពារជាតិក្រូអាតលោក Damir Krsticevic និងសមភាគីអាល្លឺម៉ង់លោកស្រី Annegret Kramp-Karrenbauer បានឯកភាពគ្នាកាលពីថ្ងៃអាទិត្យថាប្រទេសទាំងពីរនឹងរួមគ្នាធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំកិច្ចប្រជុំអឺរ៉ុប – ណាតូនៅឆ្នាំក្រោយនេះ។

កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិអ៊ឺរ៉ុបនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨និងទី៩ខែមិថុនាដោយក្នុងនោះលោកKrsticevicបាននិយាយថាប្រទេសអាល្លឺម៉ង់គឺជាដៃគូសំខាន់បំផុតនៅក្នុងវិស័យសន្តិសុខនិងការពារជាតិនៅអឺរ៉ុបហើយវាជាអាទិភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិកាជាមួយនឹងប្រទេសក្រូអាតដែលជាដៃគូដ៏ល្អរបស់អាល្លឺម៉ង់ផងដែរ។

គួរឲ្យដឹងដែរថាប្រទេសក្រូអាតនឹងចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សារយៈពេល ៦ ខែចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ ហើយប្រទេសអាល្លឺម៉ង់នឹងកាន់តំណែងបន្ទាប់ចាប់ពីថ្ងៃទី១ខែកក្កដា៕
ប្រែសម្រួល:ស៊ុនលី
