តាមការគ្រោងទុក សមាគមអ្នកជំនាញអចលនទ្រព្យ (CREA) នឹងធ្វើការបោះឆ្នោត ជ្រើសរើសប្រធានសមាគម សម្រាប់អាណត្តិថ្មី ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ នៅសណ្ឋាគារ Raffles Le Royal ចាប់ពីម៉ោង ២-៥ រសៀល ដោយការចូលរួមនេះ បើកសម្រាប់តែសមាជិក CREA ប៉ុណ្ណោះ និងមិនត្រូវបានបង់ប្រាក់ឡើយ ។
សម្រាប់បេក្ខភាព ឈរឈ្មោះជ្រើសតាំង ដែលនឹងត្រូវបោះឆ្នោតជ្រើសរើស ជាប្រធានមានពីររូប៖
1: លោកស្រី ចែវ សុឃុន, KAT Appraisal Co., Ltd

2: លោក ចក់ ស៊ីណាត, Kraty Realty Co., Ltd

អ្នកស្រី នុត រត្ថា អនុប្រធានសមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា ទទួលបន្ទុកទំនាក់ទំនងសាធារណៈ និងជានាយិការ ក្រុមហ៊ុនរៀបចំកម្មវិធី រំដួល បានឲ្យដឹងថា “ការរៀបចំអោយមាន ការបោះឆ្នោត ជ្រើសរើសប្រធានសមាគម មានអាណត្តិ នៅក្នុងការដឹកនាំនេះ គឺជាលើកទី១ បានន័យថា ទាំងក្រុមប្រឹក្សា ទាំងគណៈកម្មាធិកា ទាំងខាងផ្នែកគ្រប់គ្រង នៃសមាគម គឺបានសម្រេចគ្នាជាផ្លូវការ តម្រូវឲ្យប្រធានសមាគមទាំងអស់ គួរតែមានអាណត្តិ នៅក្នុងការដឹកនាំរបស់ខ្លួន” ។
អ្នកស្រី បន្តថា “យើងតម្រូវអោយ ប្រធានសមាគម មានអាណត្តិ គ្រប់គ្រង ក្នុងការដឹកនាំ ១ឆ្នាំម្តង នឹងត្រូវធ្វើការបោះឆ្នោតជ្រើសតាំងជាថ្មី ចំណែកប្រធានក្រុមប្រឹក្សា គឺមានរយៈពេល២ឆ្នាំម្តង ។ ទើបតែឆ្នាំនេះទេ ដែលយើងតម្រូវអោយប្រធាន សមាគមមានមួយអាណត្តិ ហើយប្រធានសមាគមម្នាក់ អាចឈរឈ្មោះរយៈពេល ២អាណត្តិ ជាប់គ្នាបាន ប៉ុន្តែក្នុងមួយអាណត្តិ មានរយៈពេលតែ១ឆ្នាំប៉ុណ្ណោះ ។ ដូចគ្នា ប្រធានក្រុមប្រឹក្សា មានអាណត្តិ២ឆ្នាំ និងឈរឈ្មោះជាប់គ្នា ២អាណត្តិដែរ” ៕
បន្ទាប់ពីធ្វើការបោះឆ្នោតជ្រើសរើស ប្រធានសមាគម ក៏នឹងមានពិធីជួបជុំ ជប់លៀងប្រចាំឆ្នាំ របស់សមាគម អ្នកជំនាញអចលទ្រព្យកម្ពុជា (CREA) ចាប់ពីម៉ោង ២រសៀល រហូតដល់ម៉ោង ៩យប់, សម្រាប់ការចូលរួម ក្នុងកម្មវិធីនេះ សូមទូរស័ព្ទ៖ កញ្ញា ណានី ០១៧ ៧៨ ៧៩ ៧២ ។
លោកអ្នក ក៏អាចក្លាយជាអ្នកឧបត្ថម្ភ របស់ CREA បានផងដែរ ដើម្បីទទួលបានអត្ថប្រយោជន៍ និងឱកាសអតិបរិមា ដើម្បីបង្ហាញម៉ាកសញ្ញា របស់អ្នក នៅក្នុងវេទិកាកម្មវិធី និងបណ្តាញទាំងអស់ របស់សមាគម នាថ្ងៃទី៧នេះផងដែរ៕


