ព្រឹត្តិការណ៍

មហាក្សត្រអារ៉ាប៊ីសាអូឌីត បង្ហាញការអាណិតអាសូរ ជាមួយលោក ត្រាំ តាមទូរស័ព្ទ ចំពោះការបាញ់ប្រហារ នៅមូលដ្ឋានទ័ពជើងទឹក

បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ នៅថ្ងៃសុក្រនេះបានបង្ហាញថា ព្រះមហាក្សត្រ របស់ប្រទេសអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud បានផ្តល់នូវការអាណិតអាសូរ នៅក្នុងការសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះ បន្ទាប់ពីមានព័ត៌មានថា អ្នកបាញ់សម្លាប់នៅស្ថានីយ៍កងទ័ពជើងទឹកនៅ រដ្ឋ Florida គឺជាអ្នកបណ្តុះបណ្តាល អាកាសចរណ៍អារ៉ាប៊ីសាអូឌីត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា លោក ត្រាំ បានបញ្ជាក់នៅក្នុងបណ្តាញសង្គម ធ្វីធើរ នៅថ្ងៃសុក្រថា ព្រះមហាក្សត្រ Salman បានបង្ហាញថា ឧប្បត្តិហេតុនេះ “គ្មានរូបរាងនិងទម្រង់ ណាមួយ” ដែលតំណាងឱ្យជនជាតិ អារ៉ាប៊ីសាអូឌីតឡើយ។

លោកបាននិយាយថា «ស្តេច Salman នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត ទើបតែបាន អំពាវនាវដើម្បីសំដែងនូវការចូលរួមរំលែកទុក្ខ និងការអាណិតអាសូរចំពោះក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកចម្បាំង ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ និងរងរបួស នៅក្នុងការ វាយប្រហារដែលបានកើតឡើង នៅមូលដ្ឋានទ័ពជើងទឹក Pensacola រដ្ឋ Florida ។ ព្រះមហាក្សត្រ Salman បានមានបន្ទូលថា ប្រជាជនអារ៉ាប៊ីសាអ៊ូឌីត មានការខឹង សម្បារយ៉ាងខ្លាំងចំពោះទង្វើដ៏ឃោរឃៅ របស់អ្នកបាញ់ប្រហារ ហើយបុគ្គលនេះ មិនមានលក្ខណៈ ឬទម្រង់ណាមួយ បង្ហាញពីអារម្មណ៍របស់ប្រជាជន អារ៉ាប៊ីសាអូឌីត ដែលស្រឡាញ់ប្រជាជន អាមេរិកនោះទេ។

ការកត់សម្គាល់នេះកើតឡើងភ្លាមៗ បន្ទាប់ពីអភិបាលរដ្ឋ រដ្ឋផ្លរីដា លោក Ron DeSantis បានបញ្ជាក់ថាបុគ្គលដែលសង្ស័យថា បានបាញ់សម្លាប់ នៅឯស្ថានីយ៍ អវកាសរបស់កងទ័ពជើងទឹក របស់រដ្ឋ Florida គឺជាជនជាតិអារ៉ាប៊ីសាអូឌីត ដែលបានមកដល់មូលដ្ឋាននេះ ដើម្បីហ្វឹកហាត់ផ្នែកអាកាសចរណ៍។

ក្រុមមន្រ្តីបានកត់សម្គាល់ថា មូលដ្ឋាននេះជារឿយៗ ទទួលនិស្សិតអន្តរជាតិ រាប់រយនាក់ ដែលចាប់អារម្មណ៍ក្នុងការ បណ្តុះបណ្តាលនៅមូលដ្ឋាន។

ប៉ុន្មានម៉ោងបន្ទាប់ពីសារ ក្នុងធ្វីតធ័ររបស់លោក Trump ត្រូវបានផ្សព្វផ្សាយ ស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ ដែលបង្ហាញថា ព្រះមហាក្សត្រ Salman បានបញ្ជាឱ្យសេវាកម្មសន្តិសុខ អារ៉ាប៊ីសាអ៊ូឌីត សហការជាមួយសមភាគីអាមេរិក សម្រាប់រយៈពេលនៃការស៊ើបអង្កេត លើការបាញ់ប្រហារនេះ។

សូមជម្រាបថា អាជ្ញាធរបានបង្ហាញថា ការបាញ់ប្រហារបានចាប់ផ្តើម នៅព្រឹកថ្ងៃសុក្រ ហើយវាត្រូវបានបញ្ឈប់ជាយថាហេតុ ដោយប៉ូលីសតំបន់ពីរនាក់មុនម៉ោង ៨ ព្រឹក។

ការបាញ់ប្រហារបានកើតឡើង នៅខាងក្នុងថ្នាក់រៀនមួយ និងគ្របដណ្តប់ពីរជាន់ នៃអគារ។ ហេតុការណ៍នេះបានបញ្ចប់ ដោយមានមនុស្ស ៤ នាក់បានស្លាប់ រួមទាំងអ្នកបាញ់ប្រហារផង ចំណែកមនុស្ស ៧ នាក់ផ្សេងទៀតបានរងរបួស៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top